(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីបើកសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពី «ភាពជាអ្នកដឹកនាំគយឆ្នាំ២០២៥ (Asia-Pacific Customs Leadership Program 2025)» និងកិច្ចសន្ទនា (Leaders fireside chat)។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា, លោក Michael Cymbalista, ទីប្រឹក្សានៃកងកម្លាំងការពារព្រំដែនប្រទេសអូស្រា្តលី (Australian Border Force-ABF) ប្រចាំតំបន់មេគង្គ និងលោកស្រី Urica Lopez នាយិកាសាកលវិទ្យាល័យ RMIT ប្រចាំប្រទេសវៀតណាម។

សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីគយនិងរដ្ឋាករចំនួន២៥រូប មកពីបណ្តាប្រទេសចំនួន ១២រួមមាន ប្រទេសអូស្ត្រាលី កម្ពុជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ស្រីលង្កា សិង្ហបុរី ម៉ាល់ឌីវ និង ប៉ាពូអាស៊ីនូវែលហ្គីណេ ក្រោមកិច្ចសហការរៀបចំដោយ ABF ជាមួយសាកលវិទ្យាល័យ RMIT ប្រទេសអូស្រ្តាលី និងគម្រោងភាពជាដៃគូមេគង្គ-អូស្រ្តាលី លើឧក្រិដ្ឋកម្មឆ្លងដែន (Mekong-Australia Partnership on Transnational Crime - MAP-TNC)។

កម្មវិធីនេះបានប្រព្រឹត្តទៅជាពីរដំណាក់កាល ដែលដំណាក់កាលទី១ បានរៀបចំតាមប្រព័ន្ធអនឡាញមានរយៈពេល ៣សប្តាហ៍ នៅខែកុម្ភៈ ឆ្នាំ២០២៥ និងដំណាក់កាលទី២ មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំដោយផ្ទាល់នៅសាលាជាតិគយកម្ពុជា និងនៅខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលានេះ លោកបណ្ឌិត គុណ ញឹម បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ អ្នកជំនាញការ វាគ្មិន និងសិក្ខាកាមទាំងអស់។

លោកបានថ្លែងអំណរគុណដល់ស្ថាប័ន ABF, MAP-TNC និងសាកលវិទ្យាល័យ RMIT ដែលបានជ្រើសរើសសាលាជាតិគយកម្ពុជា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក (RTC-Cambodia) និងខេត្តសៀមរាប ជាទីកន្លែង សម្រាប់រៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ព្រមទាំងបានគាំទ្រ ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសភាពជាអ្នកដឹកនាំ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាប្រមាណជាង១០ លើកគិតចាប់ពីឆ្នាំ២០២១ កន្លងមក។

លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងល្អប្រសើររបស់រដ្ឋបាលគយកម្ពុជា ជាមួយ ABF, MAP-TNC និងសាកលវិទ្យាល័យ RMIT ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង។

លោកបានគូសបង្ហាញពីសារៈសំខាន់នៃកម្មវិធីនេះ ដែលជាវេទិកាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីគយ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការទទួលយកសម្របតាម និងឆ្លើយតបចំពោះហានិភ័យ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។

លោក Michael Cymbalista ទីប្រឹក្សា ABF បានថ្លែងថា នេះជាឆ្នាំទី៤ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើង ហើយជាលើកទីមួយដែលរៀបចំនៅ RTC-Cambodia និងបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីនេះញឹកញាប់ជាងគេ។

លោកក៏បានលើកឡើងដែរថា កម្មវិធីនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងចំណោមមន្ត្រីគយ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត តាមរយៈការកសាងបណ្តាញទំនាក់ទំនង ស្របតាមពាក្យស្លោករបស់កម្មវិធី «Together, we are stronger»។

ទន្ទឹមនឹងនេះ លោកស្រី Urica Lopez នាយិកាសាកលវិទ្យាល័យ RMIT ប្រចាំប្រទេសវៀតណាម បានកោតសរសើរ និងអបអរសាទរសិក្ខាកាមទាំងអស់ ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីនេះ និងបានសង្កត់ធ្ងន់ថា កម្មវិធីភាពជាអ្នកដឹកនាំគយ ជាកម្មវិធីដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាសកល។

លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សិក្ខាសាលាភាពជាអ្នកដឹកនាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងការគ្រប់គ្រងព័ត៌មានសម្ងាត់គយ» ឆ្លើយតបទៅនឹងប្រធានបទនៃទិវាគយអន្តរជាតិ២០២៥ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ «រដ្ឋបាលគយបន្តយកចិត្តទុកដាក់ និងអនុវត្តការប្តេជ្ញារបស់ខ្លួនលើប្រសិទ្ធភាព, សន្តិសុខ, និងវិបុលភាព»។

កម្មវិធីនាឆ្នាំនេះ ផ្តោតលើការកសាងសមត្ថភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋបាលគយក្នុងតំបន់ ដើម្បីគាំទ្រ និងបំផុសគំនិតសិក្ខាកាមឱ្យក្លាយជាអ្នកដឹកនាំបុរេសកម្ម ត្រៀមខ្លួនចាប់យកឱកាស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការវិវឌ្ឍឥតឈប់ឈរនៃនិន្នាការសកល, ពាណិជ្ជកម្មអន្តរជាតិ, បច្ចេកវិទ្យាថ្មីៗ, បញ្ញាសិប្បនិម្មិត និងការគំរាមកំហែងផ្នែកសន្តិសុខ ដែលបាននិងកំពុងកើតមានឡើង។

លោកបណ្ឌិតបានវាយតម្លៃខ្ពស់នូវលទ្ធផល និងការផ្លាស់ប្តូរជាវិជ្ជមាននៃអ្នកដឹកនាំថ្នាក់កណ្តាល អគរ ដែលបានចូលរួមកម្មវិធីនេះកន្លងមក។ អាស្រ័យហេតុនេះ លោកបណ្ឌិត ជឿជាក់ថាមន្រ្តីគយដែលចូលរួមកម្មវិធីនេះ នឹងទទួលបាននូវចំណេះដឹង ឆន្ទៈថ្មី គំនិតថ្មីៗ ទស្សនៈទូលំទូលាយ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងភាពជាអ្នកដឹកនាំ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងរដ្ឋបាលគយរៀងៗខ្លួន។

ជាកិច្ចបញ្ចប់ លោកបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ចំពោះ ABF, MAP-TNC និងសាកលវិទ្យាល័យ RMIT ដែលបានគាំទ្រដល់ដំណើរការសិក្ខាសាលា ប្រកបដោយលទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តាំផ្ញើសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ ជាពិសេសផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការល្អក្នុងតំបន់៕