(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Chanida Klyphun តំណាងក្រុមហ៊ុន TikTok ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅសាលវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
ក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី Chanida Klyphun បានលើកឡើងពីពង្រឹងកិច្ចសហការ ដើម្បីធានាសុវត្ថិភាពព័ត៌មាននៅកម្ពុជា ជំនួបបានលើកឡើងពីប្រជាប្រិយភាពរបស់ TikTok នៅកម្ពុជា និងនិន្នាការរបស់ប្រជាជនកម្ពុជា ក្នុងការទទួលព័ត៌មានគ្រប់ប្រភេទទាំងអស់ពីបណ្តាញសង្គម ជាពិសេស TikTok។
លោករដ្ឋមន្រ្តីបានលើកឡើងថា TikTok គឺជាបណ្តាញសង្គមមួយដ៏មានប្រសិទ្ធភាពក្នុងផ្សាភ្ជាប់ស្ថាប័នទាំងរដ្ឋ និងឯកជនជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការបង្ហោះរូបភាពអាសអាភាសនិងការជេរប្រមាថជាដើម។
ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ (Community Standard) របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានស្នើឱ្យក្រុមហ៊ុន Tik Tok សិក្សាលទ្ធភាពក្នុងការរៀបំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ឱ្យពួកគាត់បានស្វែងយល់បន្ថែមពីស្តង់ដារសហគន៍ (Community Standard) របស់ TikTok ផ្ទាល់ ដើម្បីកាត់បន្ថយការហានិភ័យក្នុងពេលប្រើប្រាស់។
ជំនួបក៏បានពិភាក្សាលើភាពចាំបាច់ក្នុងការការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជនផងដែរ។
គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដដែល លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ បានរៀនចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡេីងក្នុងគោលបំណង ចែករំលែកព័ត៌មាន ឧត្តមានុវត្តន៍ នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាពដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា៕