(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពេញអង្គនិងបច្ចេកទេសលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោក LI Qun អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ ជាសហប្រធានចិន និងលោក Vanlalvawna BAWITLUNG អគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ សរុបប្រមាណ១០០រូប ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីរដ្ឋបាលបេតិកភណ្ឌវប្បធម៌ (NCHA) និងបណ្ឌិត្យសភាបេតិកភណ្ឌវប្បធម៌នៃប្រទេសចិន(CACH) និងអង្គភាពសិក្សាស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) ដែលជាដៃគូសហប្រតិបត្តិការជួសជុលប្រាសាទព្រះវិហារ។

អង្គប្រជុំបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ លើកិច្ចការអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍន៍នានានៅរមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ ដូចជាការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ, ការងារអភិរក្សស្ពានហាលខាងលិចគោបុរៈទី៥, ការងារអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង, ការងារជួសជុលគោបុរៈទី៥ និងការងារសិក្សាប្រព័ន្ធបង្ហូរទឹកនិងរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤។ ដោយឡែក នៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមអ្នកជំនាញការអន្តរជាតិបានពិនិត្យលើការងារការអភិរក្សប្រាសាទគោកគ្រង, ប្រាសាទដំរី, ប្រាសាទក្រចាប់, ប្រាសាទបល្ល័ង្កត្បូង, ប្រាសាទក្រហមបរិវេណប្រាសាទធំ និងប្រាសាទប្រាំ ក៏ដូចជាការងារផែនការគ្រប់គ្រងទេសចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ដៃគូសហប្រតិបត្តិការដូចជា៖ ប្រទេសចិនបានបញ្ចប់ការសិក្សាបឋម និងរៀបចំផែនការជួសជុលដំណាក់កាលទី១ នៅគោបុរៈទី១ ទី២ និងទី៣ ប្រាសាទព្រះវិហារ, ប្រទេសឥណ្ឌាបានចាប់ផ្តើមសិក្សាផែនការអភិរក្សនិងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ និងសហរដ្ឋអាមេរិកបន្តជួយការងារជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិព្រះវិហារ ក៏ទទួលបានថវិកាជំនួយពីអង្គការ ALIP នៃប្រទេសស្វីស ដើម្បីធ្វើការអភិរក្សប្រាសាទក្រហមផងដែរ។

ក្រៅពីនេះអាជ្ញាធរជាតិព្រះវិហារក៏បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើការសិក្សាបច្ចេកទេសគ្រប់គ្រងទឹក ភូគព្វសាស្ត្រ និងតិចតូនិចរបស់ប្រាសាទព្រះវិហារ ដែលអង្គប្រជុំបានសម្តែងការកោតសរសើរចំពោះរបកគំហើញបែបវិទ្យាសាស្ត្រនេះ។

អង្គប្រជុំបានអនុម័តទទួលយកអនុសាសន៍ពីអ្នកជំនាញការអន្តរជាតិ ដើម្បីយកទៅអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានទាំងពីរបន្តទៀត ហើយបានបិទបញ្ចប់ដោយរីករាយ និងស្និទ្ធស្នាលក្នុងស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៕