Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចបន្តសវនាការ អ្នកស្រី ថាក់ ឡានី ទៅ រសៀលថ្ងៃទី២ ខែវិច្ឆិកាវិញ ក្រោយបញ្ចប់ការសាកសួរសាក្សីជាច្រើននាក់

28-10-2016 17:56

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការ អ្នកស្រី ថាក់ ឡានី ទៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦វិញ ក្រោយតុលាការបានសាកសួរសាក្សីជាច្រើននាក់ ក្នុងនោះសាក្សី៣នាក់ ដែលស្ថិតក្នុងវេទិកា បានបញ្ជាក់ថា រូបភាពវីដេអូសម្តី លោកស្រី ថាក់ ឡានី និយាយគឺជាការពិត មិនមែនកាត់តទេ។ ការសម្រេចរបស់តុលាការ បានធ្វើឡើងក្រោយពីបានបើកសវនាការលើករណី អ្នកស្រី ថាក់ ឡានី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ។

សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មកបើកសវនាការជំនុំជម្រះ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ សវនាការនេះ ដឹកនាំដោយលោក អ៉ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ។ លោកមេធាវី គី តិច តំណាងដើមបណ្ដឹង និងលោកមេធាវី សំ សុគង់ ការពារក្ដីអ្នកស្រី ថាក់ ឡានី។

អ្នកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។

ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូល នៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ៕