(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស។

ការចុះរួមគ្នានេះគឺក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិសមធម៌ និងបណ្ណ ប.ស.ស ដែលប្រជាជនបានយកបណ្ណនេះ មកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពទ្យ ហើយនេះជាការលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋយើងយកមកប្រើប្រាស់ សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ ឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។

ក្នុងឱកាសនោះដើម្បីផ្ទៀងផ្ទាត់ថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ពិតជាទទួលបានសេវាកម្មប្រកបដោយការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារ ប.ស.ស ប្រចាំការនៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ ឈាង រ៉ា រួមទាំងលោក ហេង សួរ បានចុះសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ជាលទ្ធផលប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្ដ ពីការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ពិសេសបង្ហាញនូវសេចក្ដីរំភើបជាពន់ពេកចំពោះថ្នាក់ដឹកនាំ ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលដោយប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស មិនឱ្យរងចំាយូរ និងបម្រើសេវាដោយមិនរើសអើង ហើយមានប្រសិទ្ធភាពខ្ពស់។

ចំនួនអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យជាធម្យមក្នុងមួយថ្ងៃមាន អ្នកជំងឺពិនិត្យពិគ្រោះក្រៅចំនួន ២៥០០-៣០០០នាក់ អ្នកជំងឺសម្រាកពេទ្យ ៤៥០-៦១០នាក់ អ្នកជំងឺវះកាត់ចំនួន ២០០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ គិតជាភាគរយ មានអ្នកជំងឺបង់ថ្លៃប្រហែល ២៥% អ្នកជំងឺបសស ៥០% អ្នកជំងឺសមធម៌ ១៥% និងអ្នកជំងឺលើកលែងថ្លៃ ១០%។ ក្នុងនោះចំនួនអ្នកជំងឺពិនិត្យពិគ្រោះក្រៅ ក្នុងឆ្នាំ២០២៤ មាន ៨០៦,១៥៤នាក់ កើនឡើងចំនួន ២៣០,៤៥៩នាក់ បើធៀបនឹងឆ្នាំ២០២៣ ស្នើនឹង ៣៦%។

ការកើនឡើងនៃប្រជាពលរដ្ឋមកទទួលសេវា នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយសារទទួលបានភាពជឿទុកចិត្ដពីប្រជាពលរដ្ឋ ក្នុងនោះក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យមានក្រមសីលធម៌ វិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ និងការផ្តល់សេវារហ័ស ដោយក្នុងមួយថ្ងៃត្រូវផ្តល់ការពិនិត្យជូនអ្នកជំងឺឱ្យរួចរាល់ (1day system)។

សម្រាប់នៅថ្ងៃទី១៩ ខែមីនានេះ អ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ប្រមាណជិត ៣ពាន់នាក់ ក្នុងនោះបង់ប្រាក់ ជាង៥០០នាក់ ប្រើប្រាស់បណ្ណ ប.ស.ស ជាង ១៦០០នាក់, មូលនិធិសមធម៌ជិត៥០០នាក់ និងលើកលែងបង់ថ្លៃ ចំនួនប្រមាណ ១០០នាក់។ នេះតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។

ខណៈដែលប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលមានចំនួនច្រើន និងកើនឡើងជាបន្តបន្ទាប់ ពិសេសប្រើប្រាស់នូវបណ្ណមូលនិធិសមធម៌ និងប.ស.ស. លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងមន្ទីរពេទ្យព្រះអង្គឌួង និងប.ស.ស. អំពីការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដែលប្រៀបបានដូចជាកូន ជាចៅ និងក្រុមគ្រួសារផ្ទាល់ ដោយបានបង្ហាញពីភាពកក់ក្តៅ រួសរាយរាក់ទាក់ និងក្នុងឥរិយាបទល្អ សំដៅគុណភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព។

ក្នុងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះៗ ក្នុងការរៀបចំឱ្យមានភាពកាន់តែល្អប្រសើរបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ ដោយត្រូវចុះពិនិត្យ និងជួយសម្រួលឱ្យបានញឹកញាប់ដល់បងប្អូនដែលរង់ចាំ មិនត្រូវមើលរំលងករណីតម្រូវការជួយបន្ទាន់ ករណីចាស់ជរា ពិការភាព ករណីផ្ទៃពោះ ជាដើម និងបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យនៅតែមានគុណភាព ជាមួយនឹងការបង្កើតយន្តការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង ដោយពិនិត្យយ៉ាងល្អឹតល្អន់ជាទីបំផុត៕