(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការយូនីដូ នឹងជួយ​គាំទ្រ និងជំរុញឱ្យ​សួនឧស្សាហកម្មនៅកម្ពុជាដែលមានស្រាប់ ​ប្រែក្លាយ និងអភិវឌ្ឍន៍ខ្លួន ទៅជាសួនឧស្សាហកម្មបៃតង ដើម្បីបំពេញតម្រូវការប្រទេសជាដៃគូរពាណិជ្ឋកម្ម ដែលតម្រូវឱ្យមានការផលិតគោរពតាមស្តង់ដារចីរភាពបរិស្ថាន​។

ថ្លែងក្នុង «សិក្ខាសាលា ស្តីពីការចាប់ផ្តើមអនុវត្តសកម្មភាព គម្រោងជំរុញការអភិវឌ្ឍតំបន់សួនឧស្សាហកម្មបៃតងនៅកម្ពុជា» នា​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោក សុខ ណារិន តំណាងអង្គការយូនីដូប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជានឹងចាកចេញពីក្រុមប្រទេស ដែលមានចំណូលតិចនៅឆ្នាំ២០២៩។ ដូច្នេះហើយអ្នកផលិតនៅ​កម្ពុជា នឹងត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌតឹងតែង ដែលកំណត់ដោយប្រទេសជាដៃគូរពាណិជ្ឋកម្ម ដែលតម្រូវឱ្យការផលិតគោរពតាមស្តង់ដារចីរភាពបរិស្ថាន ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់មានចីរភាព ការផលិត​បញេ្ជញកាបូនតិច និងអនុលោមតាមសុវត្ថិភាពគីមី ជាដើម។

លោកបន្តថា​ តាមរយៈ​ការពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាសួនឧស្សាហកម្មមួយចំនួនកន្លងមក បានបង្ហាញឃើញថា មានបញ្ហាចំបងមួយដែលគេជួបប្រទះ ក្នុងការអភិវឌ្ឍខ្លួនទៅជាសួនឧស្សាហកម្មបៃតង។ បញ្ហាទាំងនោះរួមមាន៖ ក្របខណ្ឌគតិយុត្ត និងការគ្រប់គ្រងស្ថាប័ន ការគ្រប់គ្រងធនធាន ចំណេះដឹងបច្ចេទេស ព្រមទាំងធនធានហិរញ្ញវត្ថុ។

លោកបន្តថា តាមរយៈសិក្ខាសាលាថ្ងៃនេះ គឺជាការសម្ពោធជំហានដំបូងក្នុងការជួយដល់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការនៅកម្ពុជាឱ្យទទួលបាននូវចំណេះដឹង និងយល់ពីបទដ្ឋានបច្ចេកទេស ដែលមាននៅក្នុងក្របខណ្ឌគោលការណ៍អន្តរជាតិ សម្រាប់ប្រែក្លាយខ្លួនទៅជាឧស្សាហកម្មបៃតង។

​លោកបន្ថែមថា «គម្រោងដែលយើងចាប់ផ្តើមអនុវត្តនាពេលនេះ ជាកិច្ចអន្តរាគមន៍ ដែលទាន់ពេលវេលា ដើម្បីចូលរួមដោះស្រាយនូវបញ្ហា ដែលអ្នកគ្រប់គ្រងសួនឧស្សាកម្មបានជួបប្រទះ​ ដូចជា ការបណ្តុះបណ្តាផ្តល់ចំណេះដឹងដល់បុគ្គលិកក៏ដូចជាម្ចាស់សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស ឱ្យគាត់យល់ពីអ្វីទៅដែលហៅថាសកម្មភាពសម្រាប់ប្រែ​ក្លាយទៅសួនឧស្សាហកម្មបៃតង និងទី២.ឱ្យគាត់យល់ពីក្រមខណ្ឌគោលការណ៍អន្តរជាតិ ដែលយើងបានរៀបចំឡើងជាមួយនឹងធនាគារពិភពលោក និងអង្គការ GIZ ដែលក្នុងនោះមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យ ជាពិសេសគេមើលទៅលើការគ្រប់គ្រងទូទៅ ការបំពេញមុខងារទៅលើនិរន្តភាពបរិស្ថានជាដើម»

លោកបន្ថែមទៀតថា «តាមរយៈការ​អនុវត្តនូវអនុសាសន៍ ដែលនឹងទទួលបានក្នុងគម្រោងនេះ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ក៏ដូចជារោងចក្រ ដែលស្ថិតក្នុងតំបន់នោះ នឹងទទួលកេរ្តិ៍ឈ្មោះកាន់តែប្រសើរឡើង ហើយអាចឈានចូលទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិកាន់តែទូលំទូលាយ តាមរយៈការចាប់យកវិធីសាស្រ្តសេដ្ឋកិច្ចចក្រា និង ការប្រើប្រាស់ធនធាន(ទឹក ភ្លើង វត្ថុធាតុដើម) ឱ្យមានកាន់តែមានប្រសិទ្ធិភាព ដែលជាធាតុមួយដ៏សំខាន់ នៅក្នុងគំរោងសួនឧស្សាហកម្មបៃតង ដើម្បីធានានូវចីរភាពបរិស្ថាន ក៏ដូចជាគុណភាព និងសុវត្ថិភាពផលិតផល។

​បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដើម្បីជំរុញឱ្យសួនឧស្សាហកម្មនៅកម្ពុជា ប្រែក្លាយខ្លួនទៅជាសួនឧស្សាហកម្មបៃតង ​ក្រសួងឧស្សាហកម្ម និងក្រុមការងារជំនាញ នឹងធ្វើការពិនិត្យ​ និងណែនាំបន្ថែមទៅលើ ការប្រើប្រាស់ទឹក ភ្លើង វត្ថុធាតុដើម ការធ្វើសវនកម្មថាមពល ការគ្រប់គ្រងការបំពុលបរិស្ថាន​ ដែលការប្រែក្លាយនេះ នឹងជួយដល់សេដ្ឋកិច្ច និងបរិស្ថាន។

លោកបន្ថែមថា «​សួនឧស្សាហកម្មបៃតង​គឺជាការបន្ថែមទម្ងន់ នូវបទដ្ឋាន​បច្ចេកទេសបៃតង​ ទៅឱ្យតំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាស ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នូវការប្រើប្រាស់វត្ថុធាតុដើម នៅគ្រប់ដំណើរការផលិត​កម្មរបស់រោងចក្រសហគ្រាស គ្មានការបំពុល ក៏ដូចជាផលប៉ះពាល់ដល់បរិស្ថាន ដែលជាការជួយដល់បរិស្ថាន សុខភាព និងឈានទៅប្រកួតប្រជែងជាមួយប្រទេសដ៏ទៃទៀតក្នុងតំបន់»

សូមជម្រាបថា គម្រោងជំរុញការអភិវឌ្ឍតំបន់សួនឧស្សាហកម្មបៃតងនៅកម្ពុជា ត្រូវបានអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការយូនីដូ និងផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលស្វីស។ តំបន់គោលដៅដែលនឹងត្រូវអនុវត្តរួមមាន តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលស្ថិតនៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម នៅឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣០ ស្ថិតក្នុង១២រាជធានីខេត្ត និង សួនឧស្សាហកម្មចំនួន២០ ស្ថិតនៅក្នុង៥រាជធានីខេត្ត៕