(កណ្ដាល)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះបានដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានភ្ញៀវអន្ដរជាតិ កើនឡើងដល់៧.២លាននាក់ ទៅ៧.៥លាននាក់ បន្ទាប់ពីដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ការដាក់ក្ដីរំពឹងបែបនេះ ក្នុងឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្រោយទស្សនា និងពិនិត្យរួចរាល់ នូវព្រលានយន្តហោះអន្តរជាតិតេជោ លោក ហួត ហាក់ បានថ្លែងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិត​ជា​រួម​ចំណែក ​បាន​ជា​តម្លៃ​បន្ថែម​សំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា​តម្លៃ​បន្ថែម​សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

លោក ហួត ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២៤ យើងមានភ្ញៀវទេសចរអន្ដរជាតិចំនួន៦លាន៧សែននាក់ កើនឡើងប្រមាណ២៣ភាគរយ ធៀបជាមួយនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៥នេះ យើងសង្ឃឹមថា ភ្ញៀវអន្ដរជាតិនឹងកើនរហូតដល់៧លាន២សែននាក់ ទៅ៧លាន៥សែននាក់»។

លោក ហួត ហាក់ បានលើកឡើងថា លោកគិតថា បន្ទាប់ពីព្រលានយន្ដហោះលំដាប់អន្ដរជាតិថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងខែកក្កដា ខាងមុខនេះ គឺរំពឹងថា ភ្ញៀវទេសចរអន្ដរជាតិ និងអញ្ជើញមកទស្សនា នៅក្នុងប្រទេសកម្ពុជា បានកាន់តែច្រើន។

បន្ថែមពីនោះទៀត លោកសង្ឃឹមថា ជាមួយនឹងផលិតផលថ្មី ដូចជា៖ ផលិតព្រលានយន្ដហោះលំដាប់អន្ដរជាតិ ជាមួយនឹងការចង្អុលទិសជាប់ជាប្រចាំ របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ក្នុងការរួមចំណែកដើម្បីធ្វើយ៉ាងម្ដេច អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា លោកសង្ឃឹមថា ចំនួនភ្ញៀវអាចនឹងកើន ហើយអាចលើសពីការរំពឹងទុកថែមទៀតផង។

ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។

សូមជម្រាបផងដែរថា នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។

អាកាសយានដ្ឋាន​អន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕