(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥នេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ ថ្នាល TikTok ប្រមាណ១០លាននាក់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំ របស់ក្រុមហ៊ុន TikTok នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «បើគិតត្រឹមឆ្នាំ២០២៥នេះ ថ្នាល TikTok មានអ្នកប្រើប្រាស់ប្រមាណ ១.៩៣ពាន់លាននាក់ នៅទូទាំងពិភពលោក និងប្រមាណ១៦៥លាននាក់ នៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ នៅកម្ពុជាយើងមានអ្នកប្រើប្រាស់ប្រមាណ ១០លាននាក់»។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្រុមហ៊ុន TikTok គឺជាក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីនៅលើពិភពលោកមួយ ដែលកំពុងមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់ ក្នុងការផលិតទម្រង់មាតិកាជាវីដេអូខ្លីៗ (Short Form Video) តាមរយៈកម្មវិធីទូរសព្ទ ហើយចែករំលែកគ្នា ទៅកាន់អ្នកមើលជាច្រើននៅលើ TikTok។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកអំពីឧត្តមានុវត្តន៍ នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok រួមមាន៖

* គោលការណ៍ណែនាំសហគមន៍ ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ចាប់ពីពេលនេះទៅ ​អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើន ​នៅលើបណ្តាញសង្គម TikTok នឹង​អាចរកចំណូលបានហើយ​ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកា​នៅកម្ពុជា។

លោកបាន​បញ្ជាក់បន្ថែមថា ​កាលពី​ពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ផ្តល់ឱកាសក្នុងការរកចំណូលបាន ពីការបង្កើតមាតិកាផ្សព្វផ្សាយ នៅលើបណ្តាញសង្គមទាំងនោះផងដែរ៕