(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសារណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនលោក វង្សី វិសុត្ស ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីដឹកនាំរៀបចំការងារនេះ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា សារនេះគឺពាក់ព័ន្ធជាមួយនឹងការរៀបចំមេដាយដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរបស់យើងជាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានបំពេញការងារល្អនៅក្នុងការបម្រើ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា «ម្សិលមិញនៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្ដល់គោលការណ៍ឱ្យគិតគូរអំពីការផ្ដល់មេដាយទៅដល់មន្ត្រីជាប់កិច្ចសន្យា គ្រូជាប់កិច្ចសន្យាដែលបានបំពេញ ការងារមួយរយៈ ហើយពុំទាន់មានលទ្ធភាពស្នើសុំមេដាយជូនពួកគាត់។ បើតាមរយៈប្រព័ន្ធបណ្ដាញសង្គម ខ្ញុំបានទទួលនូវសារជាច្រើនពីលោកគ្រូអ្នកគ្រូ និងមន្ត្រីរបស់យើង មិនត្រឹមតែមន្ត្រីជាប់កិច្ចសន្យានោះទេ ប៉ុន្តែមន្ត្រីក្របខណ្ឌតែម្ដងដែលអ្នកខ្លះធ្វើការ១០ឆ្នាំ ២០ឆ្នាំហើយមិនទាន់បានទទួលនូវមេដាយមួយនោះទេ»

សម្តេចបវរធិបតី បានថ្លែងទៀតថា «ជាការពិតណាស់ខ្ញុំដឹងថាកន្លងទៅ គ្រប់បណ្ដាក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើការស្នើសុំមេដាយជាបន្តបន្ទាប់ជូនមន្ត្រីរាជការរបស់យើង ហើយខ្ញុំក៏ធ្លាប់បានណែនាំកិច្ចការងារនេះ ផងដែរ​ ទោះបីជាយ៉ាងណាខ្ញុំយល់ថានៅមានចន្លោះប្រហោងនៅឡើយ បើតាមសារដែលបងប្អូនបានដាក់មកតាមរយៈហ្វេកប៊ុករបស់ខ្ញុំនេះ...»

ដើម្បីដោះស្រាយនូវបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យធ្វើកិច្ចការងារចំនួន ២នោះគឺ ចំពោះមុខ និងបន្ទាន់ធ្វើម្ដង គឺជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះ ដោយធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការងារយ៉ាងតិច១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ មិនដែលមានបញ្ហាអ្វីទេ ហើយដែលមិនធ្លាប់បានមេដាយសោះ ដើម្បីរៀបចំធ្វើជូនគាត់តែម្ដង ជាលក្ខណៈទ្រង់ទ្រាយធំ។

ត្រង់ចំណុចនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា «សូមបញ្ជាក់ថាយន្តការនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយសូមឱ្យពិនិត្យតែមន្ត្រីទាំងក្របខណ្ឌ ទាំងកិច្ចសន្យា ដែលធ្វើការលើសពី១០ឆ្នាំហើយ ដែលមិនទាន់ បានទទួលមេដាយអ្វីសោះ ដើម្បីយើងរៀបចំមេដាយជូន ហើយសូមផ្ដោតធ្វើឱ្យច្បាស់ថា មន្ត្រីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្ត្រីដែលមិនមានមុខមកធ្វើការ ឬមួយមានបញ្ហាអ្វីផ្សេងៗនោះទេ សូមឱ្យចំគោលដៅតែម្ដង»

សម្តេចបវរធិបតី បានបន្តទៀតថា សម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងៗទៀត គឺសូមឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការវាយតម្លៃ និងស្នើសុំដូចដែលបានធ្វើកន្លងទៅ ទៅតាមនីតិវិធីជាធរមាន ដោយផ្អែកទៅលើស្នាដៃអតីតភាព និងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

«ប៉ុន្តែក្នុងន័យនេះដែរ ខ្ញុំសូមឱ្យឯកឧត្តម វង្សី វិសុត្ស ពិនិត្យមើលយើងមានសារាចរណែនាំលេខ ០១ ដែលចេញពីឆ្នាំ២០០១ ដែលកំណត់ឱ្យស្នើសុំកូតា នៃការស្នើសុំនូវគ្រឿងឥសិរយ្សយសក្នុង១ឆ្នាំ មិនឱ្យលើសពី១០% នៃក្របខណ្ឌសរុបរបស់ក្រសួងស្ថាប័ន ក្នុងនោះមានកំណត់ជាភាគរយគោលការណ៍មួយចំនួនសម្រាប់ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ មន្ត្រីលេខាធិការផ្សេង ហើយឆ្លាសវេនគ្នាពីរឆ្នាំម្ដង»។ នេះជាការថែ្លងបញ្ជាក់បន្ថែមរប​ស់សម្តេចមហាបវរធិបតី។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យជំនាញសិក្សារៀបចំនូវសារាចរណែនាំថ្មីមួយ ដើម្បីឱ្យស្របនឹងស្ថានភាពជាក់ស្ដែង ព្រោះបើសិនជាយើងនៅបន្តកំណត់កូតាត្រឹម១០%នេះ គឺអាចលំបាកផ្ដល់ឱកាសដល់មន្ត្រីរាជការ បានទទួលនូវមេដាយ ពិតណាស់យើងមិនអាចផ្ដល់បានម្ដង១០០%នោះទេ តែយើងត្រូវពិនិត្យរៀបចំនូវចំនួនកំណត់ណាមួយ​ ដែលអាចផ្ដល់ភាពបត់បែនទៅដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់ការលើកទឹកចិត្តស្នើសុំមេដាយនេះ ជូនទៅដល់មន្ត្រីរបស់យើង ដែលមានចំនួនច្រើន ហើយអនុលោមទៅតាមលក្ខខណ្ឌ និងលក្ខណៈសម្បត្តិមួយចំនួននៅក្នុងការផ្ដល់ឱ្យនោះ៕

ខាងក្រោមនេះជាសារសំឡេងណែនាំរប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖