(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជួនប្រជាពលរដ្ឋចំនួន៥គ្រួសាររងគ្រោះ ដោយខ្យល់កន្រ្តាក់នៅស្រុកចិត្រ ខេត្តក្រចេះ កាលពីពេលថ្មីៗកន្លងទៅនេះ។
នៅក្នុងឱកាស នៃចុះជួបជាមួយប្រជាពលរដ្ឋរងគ្រោះនៅមូលដ្ឋានខាងលើ ក៏មានកាអញ្ចើញចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុក លោក ណៃ ឃី មេឃុំបុសលាវ និងកម្លាំង កងរាជអាវុធហត្ថ ជាច្រើននាក់ ជួយអន្តរាគមន៍ប្រកដំបូលផ្ទះ ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលធ្វើឱ្យប៉ះពាលខូចខាតទាំង៦គ្រួសារនោះផងដែរ។
លោកឧត្តមសេនីយ៍ ថ្លែងអំណរគុណចំពោះក្រុមការងារបានចុះជួយសង្គ្រោះបានទាន់ពេលវេលា និងសូមឱ្យបងប្អូនថែទាំសុខភាពកូនចៅជាប់ជាប្រចាំ អំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ ដែលបានផ្តល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ១បេរ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកសុទ្ធ១យួរ ថវិកាចំនួន១០ម៉ឺនរៀល ក្នុងនោះក៍បានជួយ សង័្កសី១៧៥សន្លឹក ស៊ីម៉ង់ត៍៥តោន សម្រាប់ជួសជុលផ្ទះដែលរងកាខូចខាត សរុបទឹកប្រាក់ចំនួន១២,០០០,០០០រៀល។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់លាយឡំភ្លៀង បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១៥៦ខ្នង និងសាលារៀនមួយចំនួនទៀតនៅរងផលប៉ះពាល់ខូចខាតតាមបណ្តាស្រុកចំនួន៣ គឺស្រុកស្នួល ស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ៕