(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨១៤នាក់។
ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសិក្ខាកាមរំលឹកនូវឯកសារបណ្តុៈបណ្តាល ដែលបានសិក្សាកាលពីសប្តាហ៍កន្លងមក ដើម្បីឆ្លុះបញ្ជាំងពីការយល់ដឹងពីទស្សនៈវិជ្ចា និងបទពិសោធន៍ប្រើប្រាស់ចំណេះដឹង ក្នុងការងារប្រចាំថ្ងៃ។
ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធាន «រូបធាតុនិយមបដិសំយោគ ឬសម្ភារៈនិយមវិចារវិទ្យា» ដែលមានគោលការណ៍សំខាន់ៗចំនួន២ គឺ (១)គោលការណ៍សម័្ពន្ធភាពសកល និង (២)គោលការណ៍អភិវឌ្ឍន៍។ គោលការណ៍សម្ពន្ធ័សកលផ្តោតលើទិដ្ឋភាពនៃការកកើតរបស់រូបធាតុ ឬបាតុភូតទាំងអស់ ដែលសុទ្ធតែមានអន្តរកម្មនឹងគ្នា រីឯគោលការណ៍អភិវឌ្ឍន៍បានសង្កត់ធ្ងន់ ទៅលើការប្រែប្រួលមានលក្ខណៈដាច់ខាតមួយ។
ឈរនៅលើទស្សនៈវិចារវិទ្យានេះ លោកសាស្រ្តាចារ្យបានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើកយកបញ្ហាដែលត្រូវដោះស្រាយមកធ្វើការពិនិត្យឲ្យបានទូលំទូលាយដោយរកឱ្យឃើញនូវ បណ្តាញពាក់ពន្ធ័ទាំងអស់ ដើម្បីរិះរកដំណោះស្រាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕