(កណ្តាល)៖ ដីចំនួន៦,៦៥៣ក្បាលដី ត្រូវបានក្រុមការងារវាស់វែងរួចរាល់ ហើយត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដើម្បីឲ្យម្ចាស់ដីមកមើលឲ្យច្បាស់ក្រែងលោមានកំហុសណាមួយកើតឡើង ដើម្បីក្រុមការងារជួយសម្រួលភាពត្រឹមត្រូវមុនពេលចេញប្លង់រឹងជូន។
ក្នុងពិធីប្រកាសថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក តាំង ម៉េងលាង អភិបាលរងខេត្តកណ្ដាល បានថ្លែងថា ពិធីបិទផ្សាយទិន្នន័យក្បាលដីនាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាផលប្រយោជន៍ដែលបងប្អូន នឹងទទួលបាននាពេលខាងមុខ គឺបណ្ណកម្មសិទ្ធិស្របច្បាប់នៅលើដីស្របច្បាប់ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់គ្នា បើមានខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ប្រភេទដី ត្រូវរាយការណ៍មកមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលនៅប្រចាំការនៅទីនេះ រយៈពេល១៥ថ្ងៃ ដើម្បីកែតម្រូវអោយមានភាពត្រឹមត្រូវ និងធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ បានកាន់តែលឿន និងឆាប់រហ័សហើយទទួលបានបណ្ណ កម្មសិទ្ធិទាំងអស់គ្នាចៀសវាងការទន្រ្ទានកាន់កាប់ពីជនខិលខូច។
អភិបាលរងខេត្តបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារ ទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនឹងទៅអនាគត។
លោកអភិបាលរងខេត្ត បានកោតសរសើរមន្ទីរជំនាញ រួមនឹងអាជ្ញាធរគ្រប់មូលដ្ឋាន ដែលបាននិងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធិ ជូនបងប្អូន ប្រជាពលរដ្ឋបានលឿនទាន់ពេលវេលា។
បើតាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ស្រុកពញាឮបានបិទផ្សាយរួចមកដល់ពេលនេះចំនួន២១លើក ហើយការបិទផ្សាយនាពេលនេះ មានចំនួន ១០ ភូមិ គឺភូមិធ្យូង ភូមិចេតិយ៍ថ្មី ឃុំវិហារលួង ភូមិឃ្លាំង ភូមិព្រៃផ្ចឹក ឃុំឃ្លាំង ភូមិម្លូម៉ឺន ភូមិជ័យឧត្តម ភូមិចំបក់មាស ឃុំផ្សារដែក ភូមិក្រោលខៀវ ភូមិត្រពាំងស្លែង និងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ដែលមានចំនួន ៦,៦៥៣ក្បាលដី ក្នុងនោះបានចែកបណ្ណរួចចំនួន ១៤លើក សរុបបានចំនួន ១៤,៥០៨បណ្ណ ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥៕