(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព និងបរិយាប័ន្នពិការភាពដល់ក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោក អ៊ុន សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រី ជាក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងអង្គការដៃគូរចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានលើកពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើមី្បសិក្សា ស្វែងយល់អំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរួបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព ជូនដល់សមាជិកសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជម្រុញការអនុវត្ត ផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និងវិស័យរៀងៗខ្លួន។

លោក នាក់ ណេរ៉ុន បានលើកឡើងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ឆកោណដំណាក់កាលទី១ បានផ្តោតនូវឧត្តមគតិ និងអាទិភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ជនមានពិការភាព ដើមី្បឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។

លោកបានបន្តថា ខេត្តសៀមរាប រោងចក្រ សហគ្រាស និងគ្រឹះស្ថានវិស័យឯកជន ដែលមានបុគ្គលិក កម្មករបម្រើការពី១០០នាក់ឡើយ ដោយមានការជ្រើសរើសជនពិការចូលបម្រើការងារ ដោយកំណត់ស្ថាប័នរដ្ឋ ២% និងវិស័យឯកជន ១%។

លោក អ៊ុន សម្បត្តិ បានលើកឡើងថា បច្ចុប្បន្នមានជនពិការ មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាប័ន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ជនមានពិការភាព។

លោកបន្តថា បញ្ហាជនពិការភាពក្នុងពេលកន្លងទៅ រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក បានសម្រួលជនពិការភាពរដោយយកចិត្តទុកដាក់យ៉ាងខ្លាំង សំខាន់លើការសម្រុះសម្រួល បម្រើការងារនៅតាម រោងចក្រ សហគ្រាស និងអង្គភាពផ្សេងៗជាដើម។

លោកក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប លើការងារយកចិត្តទុកដាក់ ក្នុងការបម្រើដល់ជនពិការភាព ដែលបានមកធ្វើកាទំនាក់ទំនងការងារ នៅតាមមន្ទីរ អង្គភាព ដោយបានបង្កលក្ខណៈងាយស្រួល នូវផ្លូវជម្រៀលសម្រាប់ជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអគ្គលេខាធិការដ្ឋាន សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងអង្គការដៃគូរ ដែលបានគិតគួរពីសុខទុក្ខរបស់ជនពិការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក អ៊ុន សម្បត្តិ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ដែលជាសមាជិក ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាមន្ត្រីបង្កោល មកពីបណ្តាមន្ទីរ អង្គភាព និងគ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ ក្នុងវគ្គបណ្តុះបណ្តាលដែលជាទុន ដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជម្រុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និងវិស័យរៀងៗខ្លួនផងដែរ៕