(ចិន)៖ យ៉ាងហោចណាស់មានដៃគូវិនិយោគចំនួន៥គម្រោង នឹងមកចុះកិច្ចព្រមព្រៀងវិនិយោគលើវិស័យថ្មអារនៅក្នុងប្រទេសកម្ពុជា នាខែមេសាខាងមុខនេះ ដែលមានទុនវិនិយោគសរុបប្រមាណ៥០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
លោកស្រី ឡេង ដាវី បានបញ្ជាក់ឱ្យដឹងថា គម្រោងវិនិយោគនេះ មិនមែនគ្រាន់តែការកែឆ្នៃថ្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាគម្រោងនៃការបើករោងចក្រកែឆ្នៃថ្ម នាំចូលពីប្រទេសនៅក្នុងតំបន់ មកកែឆ្នៃក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
សមាគមថ្មអារកម្ពុជា បាននាំយកនូវសក្តានុពលថ្មអារកម្ពុជា ទៅចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ សៀមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) នាថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងពិព័រណ៍ថ្មអន្តរជាតិនេះ ទង់ជាតិរបស់ប្រទេសកម្ពុជាត្រូវបានលើកឡើងបង្ហាញជាលើកដំបូង លើឆាកពាណិជ្ជកម្មសកល ដើម្បីឱ្យអ្នកវិនិយោគអន្តរជាតិដែលចូលរួមពិព័រណ៍នេះបានស្គាល់ពីកម្ពុជា និងស្គាល់ពីសក្តានុពលនៃវិស័យរ៉ែថ្ម នៅកម្ពុជាផងដែរ។
បើតាមការបញ្ជាក់ពីលោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា ថ្មខ្មែរជាច្រើនប្រភេទបានមកដាក់តាំង បង្ហាញជាច្រើនឆ្នាំមកហើយ ការចូលរួមពិព័រណ៍នៅសៀមែន (Xiamen)នេះគឺជា ការតាំងបង្ហាញ ជាសកលដែរបានផលពិតមែន។ ថ្មខ្មែរបានលក់ចេញទៅទូទាំងសកល ក្នុងរយះពេល១០ឆ្នាំមកនេះ។ លទ្ធផលទទួលបានវិជ្ជមាន ដែលបានលទ្ធផលជាច្រើន ដូចជាការលក់, ការទទួលបានការបញ្ជាទិញ ទទួលបានដៃគូសហការធ្វើទីផ្សារទទួលទិញ ដើម្បីចែកចាយបន្តទៅប្រទេសចិន, អឺរ៉ុប, អាមេរិក, អូស្រ្តាលី, ភីលីពីន និងនេប៉ាល់។ ជាពិសេសទទួលបានការសរសើរមិននឹកស្មានថា ប្រទេសកម្ពុជាមានសក្តានុពលថ្មអារ មានរោងចក្រជាច្រើនដែលកំពុងចែកចាយជុំវិញពិភពលោក ។
លោកស្រី អនុប្រធានសមាគមថ្មអារកម្ពុជា បានបន្តថា៖ «ដើម្បីអោយមានការសហការគ្នាកាន់តែល្អសង្ឃឹមថាក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ ជួយរៀបចំនិងគាំទ្រដល់ដំណើរការនៃការពិព័រណ៍រួមគ្នាថ្នាក់ជាតិទៅអោយបានច្រើនប្រទេស ច្រើនវិស័យ និងផ្សារភ្ជាប់វប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញអ្នកវិនិយោគក៏ដូចជាភ្ញៀវទេសចរ»។
នៅក្នុងពិព័រណ៍ថ្មអន្តរជាតិនេះ កម្ពុជាបាននាំយកនូវថ្មថ្មីពិសេសមួយប្រភេទគឺ «ស្តេចថ្មកម្ពុជា» ជាមួយនឹងការប្រមូលផ្តុំថ្មកម្ពុជាគ្រប់ប្រភេទជា «កាឡាក់ស៊ីថ្ម»។ ជាភស្ភុតាងថា កម្ពុជាពិត ជាមានប្រភពរ៉ែដ៏សម្បូបែប ជាបណ្តុំនៃរ៉ែធម្មជាតិចម្រុះគ្នាគ្រប់ធាតុ បើតាមជំនឿ អ្នកប្រើប្រាស់ថ្មចម្រុះធាតុនេះគឺអាចជួយលើករាសី ផ្តល់លាភសំណាង ភាពត្រជាក់ត្រជុំ ដូចជាមានទឹកជ្រោះថ្មធម្មជាតិចម្រុះពណ៌នៅក្នុងគេហដ្ឋាន សណ្ឋាគា ក្រុមហ៊ុន និងអាគាររបស់អ្នកទាំងអស់គ្នា។
សូមជម្រាបថា ខេត្តចំនួន១១របស់កម្ពុជា មានសក្តានុពលវិស័យរ៉ែថ្មអារ និងបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែ ព្រមទាំងរោងចក្រអារថ្មជាង ៦០ក្រុមហ៊ុន អាចផលិតថ្មប្លុកលើសពី ៨,០០០ម៉ែត្រគីបក្នុង១ឆ្នាំ ជាពិសេសរោចក្រអាចផលិតថ្ម ក្នុងបរិមាណ ៨០០,០០០ម៉ែត្រការ៉េក្នុង១ឆ្នាំ នេះជាទំហំដែលអាចផ្គត់ផ្គង់ទៅលើទីផ្សាអន្តរជាតិ នាពេលបច្ចុប្បន្ននិងអាចពង្រីកការវិនិយោគ និងផលិតនាំចេញបានលើសនេះច្រើនដង។ មិនត្រឹមតែកែច្នៃថ្មក្នុងស្រុកទេកម្ពុជាក៏មានតម្រូវការនាំចូលថ្មគ្រប់ប្រភេទចូលទៅកាន់ទីផ្សាកម្ពុជា ដែលមានបរិមាណច្រើនម៉ឺនម៉ែត្រការរ៉េផងដែរ៕