(ស្វាយរៀង)៖ ធ្វើតាមការសន្យា! ដោយមើលឃើញពីការលំបាករបស់ក្មួយស្រីដែលជាកូនរបស់លោកគ្រូបង្រៀនស្ម័គ្រចិត្តពិការរភាព ដោយគ្រោះថ្នាក់ចរាចរណ៍នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង, លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគល់ម៉ូតូ ១គ្រឿងដល់ក្មួយស្រី ដើម្បីសម្រួលដល់ការធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកគ្រូបង្រៀនស្ម័គ្រចិត្តពិការរភាពឈ្មោះ មាស ប៊ុនធា វ័យ៤៤ឆ្នាំ បានថ្លែងអំណរគុណដល់លោកបណ្ឌិត សម តារា និងភរិយាព្រមទាំងបុត្រ ដែលផ្ដល់ម៉ូតូ ១គ្រឿងដល់កូនស្រីរបស់ខ្លួនក្នុងការធ្វើដំណើរ ទៅសាលារៀនទាំងនេះ គឺជាការយកចិត្តទុកដាក់គិតគូរដ៏ធំធេងចំពោះក្រុមគ្រួសាររបស់លោក ដែលកំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង ហើយត្រូវបានលោកបណ្ឌិត សម តារា យកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តដល់គ្រួសាររបស់លោក។
លោកបណ្ឌិត សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនដល់ក្រុមគ្រួសារលោកគ្រូបង្រៀនពិការស្ម័គ្រចិត្ត ដោយក្តីនឹករលឹក និងបានផ្តាំផ្ញើលើកទឹកចិត្ត ព្រមទាំងជំរុញឱ្យខិតខំបន្តបង្រៀនក្មេងៗនៅក្នុងសហគមន៍ ដើម្បីផ្ដល់ចំណេះដឹងឱ្យក្មេងៗបានសិក្សាបន្ថែមក្រៅពីរៀននៅក្នុងសាលារបស់រដ្ឋផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត បានកោតសរសើរលោកគ្រូស្ម័គ្រចិត្ត ទោះបីជាខ្លួនពិការតែមានទឹកចិត្តស្រឡាញ់ការរៀនសូត្រ បានចែករំលែកចំណេះដឹងឱ្យប្អូនៗក្មួយៗនៅក្នុងសហគមន៍បានសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ហើយនៅពេលអនាគត និងអាចក្លាយជាថ្នាក់ដឹកនាំ មន្ត្រីរាជការល្អ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗនាពេលនេះ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ម៉ូត ១គ្រឿងនេះបានរួមចំណែកជួយដល់ក្មួយស្រីដែលកំពុងសិក្សារៀនសូត្រ និងជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកបណ្ឌិត សម តារា ក៏បានឧបត្ថម្ភចំណាយផ្សេងៗនៅក្នុងពិធីចំនួន ២,៧០០,០០០រៀល៕