(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានចុះសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៤ នៅទីបញ្ជាការស្រាលនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ នៅតំបន់អូរជះ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ស្ថិតនៅក្នុងទីបញ្ជាការស្រាលទាំង៤ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់នៅក្នុងរយៈពេលជាង១០ ខែកន្លងទៅនេះ គឺបងប្អូនបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទទួលបានជោគជ័យ ដោយបានការពារមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋជាថ្មីទៀតបានឡើយ។
ជាមួយគ្នានេះ កងកម្លាំងបានរកឃើញដីព្រៃ ដែលជនល្មើសបានលួចកាប់ទន្ទ្រានកន្លងទៅបានជាង ៣,៣០០ហិកតា ដែលយើងកំពុងគ្រប់គ្រង ត្រៀមដាំស្តារព្រៃឈើឡើងវិញនៅក្នុងរដូវវស្សាខាងមុខ។ កងកម្លាំងចម្រុះរបស់យើងដែលមានកងទ័ពជាស្នូល ក៏បានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់បានជាច្រើនម៉ែត្រគូប ព្រមទាំងបានចាប់ខ្លួនជនសង័្សយដែលប្រព្រឹត្តបទល្មើស និងវត្ថុតាងជាក់ស្តែងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បានមួយចំនួនផងដែរ។
លោកបញ្ជាក់ថា ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវខិតខំបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម មិនឱ្យមានការកើតឡើង ជាថ្មី នូវការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ និងការកាប់អាជ្រៀកឈើខុសច្បាប់ បានទៀតជាដាច់ខាត។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះចំនួន៤ ទីបញ្ជាការស្រាល ដែលកំពុងបំពេញបេសកកម្ម ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់រួមមាន៖ ប្រេងសាំងចំនួន ៨០០លីត្រ អង្ករចំនួន ៤០០ គីឡូក្រាម ត្រីខកំប៉ុងចំនួន៣កេស ធំ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន១៥យួរ៕