(តាកែវ)៖ ខណៈដែលពិធីបុណ្យទន្លេលើកទី៩ នឹងប្រាព្វធ្វើឡើងនៅរយៈពេល២ថ្ងៃទៀត, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យស្ថានភាពទូទៅទាំងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់នៅទីតាំងរៀបចំពិធី នៅសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។

ទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ត្រូវរៀបចំធ្វើនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

នៅក្នុងឱកាសចុះត្រួតពិនិត្យដល់ទីតាំងរៀបចំពិធី, លោកអភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលបន្ថែមនៅចំណុចខ្វះខាតកន្លែងណាមួយ ដែលមិនទាន់បានរៀបចំរួចរាល់ ត្រូវប្រញាប់បង្ហើយកិច្ចការងារទាំងអស់ឱ្យបានមុនពេលវេលាកំណត់ ព្រោះថាពិធីបុណ្យទន្លេដ៏មានសារសខាន់មួយនេះកាន់តែខិតជិតមកដល់ហើយ។

លោក វ៉ី សំណាង បានណែនាំអាជ្ញាធរ និងសមត្ថកិច្ចត្រូវពិនិត្យមើលក្រុមអ្នកលក់ដូរ ត្រូវលក់ឱ្យរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ល្អតាមការរៀបចំរបស់អាជ្ញាធរ ហើយជាពិសេសមន្រ្តីមន្ទីរសង្គមកិច្ច ត្រូវពិនិត្យមើលមិនត្រូវ ឱ្យមានក្រុមអ្នកដើរសុំទាន នៅក្នុងអំឡុងពេល ដំណើរការនៃការរៀបចំពិធីបុណ្យទន្លេនេះទេ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ នៅក្នុងពិធីបុណ្យទន្លេនេះក៏នឹងមានដាក់តាំងបង្ហាញនូវផលិតផលសក្កានុពល របស់រដ្ឋបាលស្រុកក្រុង និងមន្ទីរអង្គភាពជំនាញនីមួយៗ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបាន អញ្ជើញទស្សនាកម្សាន្តនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្នុងនោះគណៈកម្មការរៀបចំពិធីក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឱ្យមហាជនចូលរួមលេងកម្សាន្តរួមមាន១៖ កីឡាជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២៖ កីឡារត់កម្សាន្តមហាជន ១,២០០នាក់, ៣៖ កីឡា អុកចត្រង្គ មហាជន, ៤៖ កីឡា កម្សាន្ត រែកបាយខុម លោតម៉ឹក, ៥៖ កីឡាបាល់ទះមហាជន, ៦៖ កីឡា ប៉ូល (បេតង់) មហាជន, ៧៖ កីឡាទូកកានូ កាយ៉ាក មហាជន, ៨៖ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩៖ កីឡា គុនខ្មែរ, ១០៖ កីឡា សម្ដែងប៉ារ៉ាប៉ូទ័រ៕