(ភ្នំពេញ)៖ សិក្ខាកាមយោធាវ័យក្មេងរបស់កម្ពុជាចំនួន៤រូប នឹងចេញទៅសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិ ក្នុងប្រទេសជប៉ុន នាដើមខែមេសា ឆ្នាំ២០២៥ ខាងមុននេះ បន្ទាប់ពីទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន។ សិក្ខាកាមយោធាទាំង៤រូបនេះ រួមមាន៖ អនុសេនីយ៍ទោ អ៉ិន វីរៈបញ្ញា (ថ្នាក់អនុបណ្ឌិត), ពលបាលត្រី ឈិន ដារីយ៉ាន, ពលបាលទោ ហួរ ម៉េងឡេង និងពលទោ ទិញ ស៊ុនហុង (ថ្នាក់បរិញ្ញាបត្រ)។
ដើម្បីជាការអបអរសាទរសិក្ខាកាមយោធាកម្ពុជាទាំង៤រូបនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងជូនដំណើរសិក្ខាកាម និងជួបជុំអតីតសិក្ខាកាមដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន នាព្រលប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមសំណាក់តាមនាយឧត្តមសេនីយ៍ ភួង ស៉ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។
នាឱកាសនោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរំលឹកពីទំនាក់ទំនងរវាងសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ជាមួយប្រទេសកម្ពុជា រហូតមកដល់ពេលនេះ និងចាត់ទុកថា ការទទួលយកសិក្ខាកាម កម្ពុជាមកកាន់សាលាបណ្ឌិត្យសភាការពារជាតិជប៉ុន បានចាប់ផ្តើមនៅពេលដែលទីភ្នាក់ងារការពារជាតិជប៉ុន ទទួលយកសំណើរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលចង់បញ្ជូនសិក្ខាកាមកម្ពុជាទៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០។
លោកបានបន្តថា «នៅឆ្នាំ២០០២ យើងក៏បានទទួលយកសិក្ខាកាមកម្ពុជាជាលើកដំបូងសម្រាប់កាសិក្សាឆមាសទី១ នៃវគ្គអនុបណ្ឌិត នៃបណ្ឌិត្យសភាការពារជាតិជប៉ុន។ បន្ទាប់មកចាប់ពីឆ្នាំ២០០៤ យើងក៏ចាប់ផ្តើមទទួលយក សិក្ខាកាមសម្រាប់បណ្ឌិត្យសភាយោធាផងដែរ។ ចាប់តាំងពីពេលនោះមក សិក្ខាកាមកម្ពុជាចំនួនពីររូប ត្រូវបានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ជារៀងរាល់ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្ននេះ សិក្ខាកាមកម្ពុជាជាង៥០នាក់ ត្រូវបានបញ្ចូនទៅសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ទាំងក្នុងវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិត»។
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ថា សិក្ខាកាមបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាការពារជាតិជប៉ុនទាំងអស់សុទ្ធតែជាធនធានដែលមានភាពពូកែខ្លាំងក្លា ហើយអតីតសិក្ខាកាមទាំងនេះកំពុងដើរ តួនាទីយ៉ាងសកម្មក្នុងវិស័យជាច្រើន រួមទាំងការផ្លាស់ប្តូរវិស័យការពារជាតិរវាងជប៉ុន-កម្ពុជា បន្ទាប់ពីបានត្រឡប់មកពីប្រទេសជប៉ុនវិញ។
បន្ថែមពីនេះ លោកបានរម្លឹកថា ដោយទទួលបានសំណើពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, យោងទៅតាមស្ថានភាពបច្ចុប្បន្នដែលអតីតសិក្ខាកាមកម្ពុជា នៃសាលាបណ្ឌិត្យសភា ការពារជាតិជប៉ុន បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ដូច្នេះហើយក្រសួងការពារជាតិជប៉ុន បានសម្រេចបន្ថែមចំនួនទទួលយកសិក្ខាកាមកម្ពុជាពី២រូប មក៣រូប។
សិក្ខាកាមកម្ពុជាដែលនឹងត្រូវបញ្ចូនក្នុងឆ្នាំនេះ គឺសិក្ខាកាមទាំង៤រូប ហើយសិក្ខាកាមរៀបច្បងផ្សេងៗទៀត គឺសុទ្ធតែជាធនធានដែលពូកែ និងជឿជាក់ថា ពួកគេនឹងសិក្សារឿងជាច្រើននៅប្រទេសជប៉ុន ហើយពេលត្រឡប់មកកម្ពុជា វិញនឹងអាចទទួលបានតំណែងសំខាន់ៗក្នុងវិស័យការពារជាតិ ព្រមទាំងទទួលបានភាពជោគជ័យ។
សិក្ខាកាមយោធាកម្ពុជាទាំង ៤រូប បានបង្ហាញការប្តេជ្ញាចិត្តខិតខំប្រឹក្សាសិក្សាលើមុខវិជ្ជាយោធានៅប្រទេសជប៉ុន ដើម្បីនាំយកចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍វិស័យការពារជាតិនៅកម្ពុជា ឱ្យកាន់តែទំនើបបន្ថែមទៀត៕