(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ (CCRS) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ»។

សិក្ខាសាលានេះ បានរៀបចំឡើងក្រោមវត្តមានលោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា, លោក ហឹម រស្មី ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ (CCRS) និងវាគ្មិនកិត្តិយស លោក HORINOUCHI Hidehisa ចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥។

ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាង និងក្នុងចំណោមមហាអំណាចធំៗ នៅទូទាំងពិភពលោក គួបផ្សំនឹងការកើនឡើងនូវចំណុចក្ដៅៗក្នុងតំបន់ ការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺមានសារៈសំខាន់ ក្នុងការធានានូវលិខិតតុបករណ៍អន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) នៅតែជាសសរស្តម្ភ និងយន្តការដ៏សំខាន់ ដើម្បីលើកកម្ពស់ សន្តិភាព សិ្ថរភាព និងភាពរុងរឿងនៅសមុទ្រ។

នៅក្នុងសិក្ខាសាលាខាងលើ ចៅក្រម HORINOUCHI បានពិភាក្សាលម្អិតពីអត្ថប្រយោជន៍របស់ UNCLOS និង ITLOS សម្រាប់រដ្ឋនានា ដូចជាប្រទេសកម្ពុជា និងរបៀបដែលអាចជួយសម្រួលដល់ផលប្រយោជន៍ដែនសមុទ្ររបស់កម្ពុជា ដោយផ្អែកលើករណីនៃការកំណត់ព្រំដែន និងការដោះស្រាយវិវាទរវាងរដ្ឋដែលជាភាគី។

ជាមួយគ្នានោះ លោក ហឹម រស្មី បានថ្លែងថាបាឋកថាសាធារណៈនេះ មានគោលបំណងស្វែងយល់ពីអត្ថប្រយោជន៍នៃលិខិតតុបករណ៍អន្តរជាតិដូចជា UNCLOS និង ITLOS សម្រាប់រដ្ឋជាប់មាត់សមុទ្រដូចជាប្រទេសកម្ពុជា និងរបៀបដែលវាអាចជួយសម្រួលដល់ផលប្រយោជន៍ដែនសមុទ្ររបស់ពួកគេ ក្នុងទិដ្ឋភាពដូចជាការកំណត់ព្រំដែន និងការដោះស្រាយជម្លោះរវាងរដ្ឋភាគី។

លោក បានបន្តថា ព្រឹត្តិការណ៍នេះមានបំណងចង់ស៊ីជម្រៅពីតួនាទីសំខាន់ និងលក្ខណៈវិវឌ្ឍន៍របស់ UNCLOS និង ITLOS ក្នុងការលើកកម្ពស់ច្បាប់សមុទ្រ ព្រមទាំងណែនាំពីរបៀបដែលច្បាប់ជាតិ និងវិធានការនានាគួរតែត្រូវបានបង្កើតឡើង ដើម្បីអនុវត្តយ៉ាងពេញលេញតាមគោលការណ៍របស់ UNCLOS។

នាឱកាសនោះ លោក Ueno Atsushi បានមានប្រសាសន៍ថាសព្វថ្ងៃនេះ ពិភពលោកកាន់តែអស្ថិរភាព ស្មុគស្មាញ មានការគំរាមកំហែង និងបញ្ហាប្រឈមសកលជាច្រើន ដែលកំពុងបង្កើតជាហានិភ័យភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។

លោក បានបន្តថា ខណៈដែលសកម្មភាពទាក់ទងនឹងសមុទ្រក៏បានកើនឡើង និងធ្វើពិពិធកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ច្បាប់អន្តរជាតិកាន់តែមានសារៈសំខាន់សម្រាប់ការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើ «ច្បាប់» ហើយក្នុងបរិបទនេះ UNCLOS ដែលមានលក្ខណៈជាសកលនិងរួបរួម បាននិងកំពុងដើរតួនាទីសំខាន់ជាច្បាប់ ក្នុងក្របខណ្ឌដែលគ្រប់គ្រងសកម្មភាពដែនសមុទ្រ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតជប៉ុន បានបន្តថា ចៅក្រម HORINOUCHI មិនមែនត្រឹមតែជាសមាជិកម្នាក់ដែលមានកិត្យានុភាពខ្លាំង នៃ ITLOS ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកកាន់តំណែងមុនរបស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដោះស្រាយបញ្ហាដែនសមុទ្រ ដែលប្រទេសជប៉ុនប្រឈមជាមួយប្រទេសជិតខាងរបស់ខ្លួន ជាពិសេសប្រទេសចិន ទាំងទៅទីស្នាក់ការកណ្តាលទីក្រុងតូក្យូ និងបេសកកម្មក្រៅប្រទេស។

ជាថ្មីម្ដងទៀត លោក Ueno Atsushi បានគូសបញ្ជាក់ថា សិក្ខាសាលានេះបានពិភាក្សាជាពិសេសអំពីរបៀប UNCLOS និង ITLOS អាចផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា និងលើកកម្ពស់ផលប្រយោជន៍ដែនសមុទ្ររបស់កម្ពុជា ហើយកិច្ចពិភាក្សានឹងផ្អែកលើការបោះបង្គោលព្រំដែនជាឧទាហរណ៍ និងគ្របដណ្តប់លើការដោះស្រាយវិវាទផងដែរ៕