Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សង្ឃឹមថាទោះបីបណ្ឌិត ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនា អប់រំយុវជន យុវតីឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌

19-03-2025 11:09

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន ដោយលើកឡើងពីការលាចាកសិក្ខាបទរបស់ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ នៅព្រឹកនេះ។

លោកជំទាវបណ្ឌិត ដែលជាអ្នកចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះធម្មវិជ្ជា ជួន កក្កដា បានបង្ហាញនូវក្តីសង្ឃឹមថា ទោះបីលោក ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនា អប់រំយុវជន យុវតីឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។

លោកជំទាវបណ្ឌិត បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនា របស់ព្រះអង្គសូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ។

បន្ទាប់ពីពេលនេះ ទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូន នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជា ពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូន អោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ»៕