(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃនៃទិវាសង្គមកិច្ចពិភពលោកលើកទី១៨ និងជាទិវាជាតិសង្គមកិច្ចលើកទី១នៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និងសារៈសំខាន់នេះ។
ក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ច និងសង្គមកិច្ចពិភពលោក, សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស ។
«ទិវាជាតិសង្គមកិច្ច» លើកទី១ និង «ទិវាសង្គមកិច្ចពិភពលោក» លើកទី១៨ ត្រូវបានរៀបចំឡើងក្រោម ប្រធានបទ «ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង» ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវាសង្គមគ្រប់ជំនាន់ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាពសម្រាប់អនាគតដ៏ល្អប្រសើរ ក៏ដូចជាបង្ហាញអំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។