(ភ្នំពេញ)៖ មានផ្ទាំងគំនូរដ៏អស្ចារ្យល្អឯក ដែលរចនាឡើងពីថ្មម៉ាប ជាង៧០ប្រភេទ យកពីច្រើនប្រទេស កាត់ចេញជាបន្ទះតូចៗ ចំនួនជាង ២ម៉ឺនបន្ទះ ផ្គុំបញ្ចូលគ្នាចេញជារចនាប័ទ្មបែបបុរាណអច្ឆរិយៈ របស់ខ្មែរ ហើយត្រូវបានដាក់តាំងក្នុងពិព័រណ៍ថ្មអន្តរជាតិ ទីក្រុងហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair)។ បើតាមឧកញ៉ា បណ្ឌិត កែវ មុំ ដែលបានចូលរួមពិព័រណ៍ថ្មអន្តរជាតិខាងលើ។

ពិព័រណ៍ថ្មអន្តរជាតិ ទីក្រុងហ្សាមែន ប្រទេសចិន លើកទី២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) ចាប់ពីថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសតាំងពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ ឆ្នាំ២០២៥ មានក្រុមហ៊ុនសមាជិកសមាគមថ្មអារកម្ពុជា បាននាំយកផលិតផលថ្មអារធម្មជាតិ របស់ប្រទេសកម្ពុជា ទៅចូលរួមមានចំនួន ០៤ ក្រុមហ៊ុន រួមមាន៖ ១. មហ៊ុន Rithy Granite (Cambodia) Co., Ltd. ២. ក្រុមហ៊ុន Xiaotian Mining Co., Ltd. ៣. ក្រុមហ៊ុន Heng Cheng Co., Ltd. និង៤. ក្រុមហ៊ុន Sambour Mining (Cambodia) Co., Ltd. ដោយទទួលបាននូវការផ្តល់ផ្ទៃដី សម្រាប់តាំងពិព័រណ៍មានទំហំដល់ទៅ ៤៨៤ ម៉ែត្រការ៉េ និងបានលើកទង់ជាតិតំណាងឲ្យប្រទេសកម្ពុជា ឲ្យបណ្តាធុរជនអន្តរជាតិបានស្គាល់ផងដែរ ដើម្បីជាការឆ្លើយតប និងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ៕