(ភ្នំពេញ)៖ ក្រុមហ៊ុន T Shop បានប្រកាសសម្ពោធស្លាកសញ្ញយីហោថ្មី និងលក់សិទ្ធិធុរកិច្ចជាផ្លូវការ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។
ការប្រកាសលក់សិទ្ធិធ្វើអាជីវកម្មជាផ្លូវការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញសេចក្ដីត្រូវការ របស់សហគ្រិនវ័យក្មេង និងជួយបង្កើនឱកាសការងារបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ដើម្បីជួយឲ្យពួកគេក្លាយជាអ្នកជំនួញវិជ្ជាជីវៈ ក្នុងអាជីពរបស់ខ្លួន និងរកប្រាក់ចំណូលបានច្រើនបន្ថែមទៀត។
T Shop ជាហាងទំនើបស្ដង់ដារមួយ បាននឹងកំពុងឈានមុខគេនៅកម្ពុជា ដោយផ្ដោតសំខាន់លើវិស័យគ្រឿងអេឡិចត្រូនិចវៃឆ្លាត ដើម្បីបំពេញនូវគ្រប់តម្រូវការ និងផ្ដល់ភាពងាយស្រួល ជូនដល់អតិថិជន ជាមួយនឹងការរស់នៅសម័យថ្មី បែបស៊ីវីល័យ។
លោក ប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុន T Shop បានថ្លែងថា ក្រុមហ៊ុន T Shop ជាក្រុមហ៊ុនដែលបានរៀបចំផែនការ យុទ្ធសាស្រ្ដអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើន ដល់អតិថិជន ដោយបានវិនិយោគពេលវេលា និងថវិកា ដើម្បីបណ្ដុះបណ្ដាលលើកទឹកចិត្ត ផ្គត់ផ្គងផ្នែកលក់ និងផ្នែកសេវាកម្មរបស់យើង ក្នុងការបំរើសេវាអតិថិជន និងជំនាញផ្នែកលក់កាន់តែប្រសើលឡើង។
លោក ប៊ុង ហ៊រ បានឲ្យដឹងទៀតថា សម្រាប់អតិថិជនដែលទិញ នូវសិទ្ធធុរកិច្ចនេះ គឺពួកគាត់ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដោយមិន បាច់បើកពាណិជ្ជកម្ម ពីចំណុចសូន្យនោះឡើយ ព្រោះពេលដែលអតិថិជនទិញសិទ្ធិនេះ គឺដូចជាមានមុខរបរមួយដ៏រឹងមាំ គង់វង្សយូរអង្វែង ហើយមុខរបរមួយនេះ វានឹងធ្វើឲ្យជោគជ័យនាពេលអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុន T Shop បង្កើតឡើងតាំងពីឆ្នាំ២០១២ ដោយមើលឃើញពីសក្ដានុពល នៃតម្រូវការទីផ្សារខ្ពស់ នៃសំភារៈប្រើប្រាស់គ្រឿងអេឡិចត្រូនិចវៃឆ្លាត ហើយបច្ចុប្បន្ន T Shop មានសខាចំនួន៤ រួមមាន សាខាផ្សារទំនើបផេនសល សាខាម៉ៅសេទុង សាខាផ្សារដេប៉ូ និងសាខា T-Shop plus៕