(ភ្នំពេញ)៖ នៅម៉ោង៥៖០០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិកហើយ ដើម្បីធ្វើជាអធិបតីភាព សម្រាប់កម្មវិធីបើកការប្រកួតកីឡាជាតិលើកទី១របស់កម្ពុជា។
សម្រាប់ថ្ងៃបើកជាផ្លូវការ នៃកម្មវិធីប្រកួតកីឡាជាតិលើកទី១នេះ មានការប្រកួតកីឡាចំនួន១៥ប្រភេទ និងមាន១៨៩ វិញ្ញាសា ខណៈដែលការប្រកួតកីឡាជាតិលើកទី១នេះ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡាជាតិឲ្យកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួន ក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។
សូមជម្រាបថា ការបើកការប្រកួតកីឡារជាតិលើកទី១នេះ សមត្ថកិច្ចត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រមាណជិត៣០០០នាក់ ដើម្បីការពារ
សុខសុវត្ថិភាពជូន ប្រជាពលរដ្ឋកម្ពុជា ដែលចូលរួមទស្សនា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ៕