(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចាត់ទុកថា ជារឿងប្រវត្តុសាស្ត្រដ៏កម្រ ដែលសមណសិស្សម្នាក់ ព្រះនាម ស្រេង សុភាព បានប្រឡងជាប់និទ្ទេស A ទាំងបាក់ឌុបវិស័យអាណាចក្រ និងពុទ្ធចក្រ។ ព្រះអង្គ បានមានសង្ឃដីកាថា សមណសិស្សអង្គនេះ អាចនឹងក្លាយជាធនធានដ៏ប្រពៃ ងសង្គមខ្មែរផងដែរ។
ព្រះតេជគុណ ស្រេង សុភាព បានប្រឡងជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៨ តុលា ២០២៤ និងការប្រឡងពុទ្ធិកមធ្យសិក្សាទុតិយភូមិ (បាក់ឌុបបាលី) សម័យប្រឡង ២១ កុម្ភៈ ២០២៥។ ព្រះអង្គ បាននិមន្តមកពីភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកុដិលេខ១១ វត្តឧណ្ណាលោម។
ក្នុងចំណោមសមណសិស្ស ដែលប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានតែព្រះតេជគុណ ស្រេង សុភាព មួយអង្គ ប៉ុណ្ណោះ ដែលបាននិទ្ទេស A ខណៈព្រះសង្ឃទទួលបាននិទ្ទេស B មាន ២អង្គប៉ុណ្ណោះ ក្នុងចំណោមសមណសិស្ស សិស្ស ១០៣អង្គ/នាក់។
ការប្រឡងពុទ្ធចក្រ រួមមាន វិញ្ញាសា៖
* ១- ភាសាបាលី
* ២- ព្រះធម៌
* ៣- សាសនាប្រៀបធៀប
* ៤- ភាសាសំស្ក្រឹត
* ៥- អក្សរសាស្ត្រខ្មែរ
* ៦- ភាសាអង់គ្លេស
* ៧- គណិតវិទ្យា
* ៨- រូបវិទ្យា
* ៩- គីមីវិទ្យា
* ១០- ផែនដីវិទ្យា
* ១១- ប្រវត្តិវិទ្យា
* ១២- ភូមិវិទ្យា
* ១៣- ជីវវិទ្យា
* ១៤- សីលធម៌-ពលរដ្ឋវិជ្ជា។
ចំពោះវិស័យ អាណាចក្រ រួមមានវិញ្ញាសា៖
* ១- អក្សរសាស្ត្រខ្មែរ
* ២- គណិតវិទ្យា
* ៣- ជីវវិទ្យា
* ៤- ប្រវត្តិវិទ្យា
* ៥- គីមីវិទ្យា
* ៦- រូបវិទ្យា
* ៧- ភាសាបរទេស។
ព្រះសិរីកោសល សុំ សុខា ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News បានមានសង្ឃដីកាថា ព្រះតេជគុណ ស្រេង សុភាព គឺជាព្រះសង្ឃ ឬជាបុគ្គលដ៏កម្រ ដែលអាចសម្រេចបានលទ្ធផលល្អពីប្រឡងសំខាន់ៗ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្របែបនេះ។ ព្រះអង្គកាន់តែសរសើរ នៅពេលវិញ្ញាសាសម្រាប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មានដល់ទៅ ១៤មុខ ហើយព្រះអង្គ ស្រេង សុភាព អាចឆ្លើយបានទាំងអស់ ខណៈវិញ្ញាសាភាសាបាលី និងភាសាបាលីសំស្ក្រឹត គឺជាភាសាដែលស្មុគស្មាញផង។
«សូមលើកទឹកចិត្តដល់ សមណសិស្ស ស្រេង សុភាព ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អបែបនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជារឿងកម្រ។ នេះគឺជាអនាគត បញ្ញវន្តខ្មែរ ដែលត្រូវថែទាំ ឲ្យបានល្អបំផុត»។ នេះជាការសំណូមពររបស់ ព្រះតេជគុណ សុំ សុខា។
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក៏បានកោតសរសើរពីសមត្ថភាពរបស់ព្រះតេជគុណ ស្រេង សុភាព ផងដែរ។
តាមរយៈហ្វេសប៊ុក សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានសរសេរថា ការខិតខំប្រឹងប្រែងរបស់យើងជិត ៤ឆ្នាំនេះ មិនបាត់បង់ទៅណាទេ បានសម្រេចផលហើយ ដោយសមណសិស្ស នបំបែកកំណត់ត្រាថ្មី សម្រាប់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ ព្រះអង្គ បានអបអរសាទរ សមសិស្ស ស្រេង សុភាព និងសមណសិស្សនិទ្ទេស B ២អង្គទៀត ដោយសម្តែងក្តីរីករាយយ៉ាងខ្លាំង។
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានសរសេរបញ្ជាក់ថា «អបអរសាទរ លោកកូនទាំង៣រូប ឪពុកពិតជារីករាយ ភ្លេចអស់នូវការហត់នឿយ អរគុណគណៈមន្រ្តីបុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលបានរួមចំណែកក្នុងវឌ្ឍនភាពដ៏អស្ចារ្យនេះ។ ពាក្យស្លោករបស់យើងគឺ រួមគ្នាដើម្បីឧត្តមភាព ថ្ងៃនេះបានវិលមករកម្ចាស់វិញហើយ។ សូមអរព្រះគុណសម្តេចព្រះអធិបតី សម្តេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង ដែលបានផ្តល់ភាពកត់ក្តៅ ក្នុងការបំពេញតកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមនេះ។អរគុណសប្បុរសជន ដែលតែងឧបត្ថម្ភកម្មវិធីព្រហ្មទានពុ. វិ. សុ. ប្រចាំឆ្នាំ អានុភាពព្រហ្មទាននេះហើយ ដែលជាកម្លាំងឲ្យពុ. វិ. សុ. មានថាមពលមិនរាថយ»៕