(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ក៏ដូចជាភ្ញៀវធ្វើដំណើរ តាមដងផ្លូវបាន សម្តែងការព្រួយបារម្ភចំពោះស្ពានបាឡេជាច្រើនកន្លែង នៅផ្លូវជាតិលេខ៧៣ ចាប់ពីស្រុកឆ្លូង ខេត្តក្រចេះ ទៅ ខេត្តត្បូងឃ្មុំ ដែលប្រឈមនឹងការបាក់ស្រុត នៅថ្ងៃខាងមុខ ប្រសិនមន្ទីរសាធារណការ ខេត្តក្រចេះមិនមានវិធានការទប់ស្កាត់ចំពោះរថយន្ដយីឌុប ខ្នាតយក្យដឹកទំនិញផ្ទុកលើសទំងន់នៅផ្លូវជាតិ១ខ្សែនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់យប់រថយន្ដយីឌុប ដឹកដំឡូងមី ដឹកគ្រឿងសំណង់ និងដឹកទំនិញផ្សេងៗផ្ទុកលើសទំងន់ឆ្លង កាត់ផ្លូវជាតិមួយខ្សែរាប់សិបគ្រឿងក្នុង
មួយយប់ៗ ហើយរថយន្ដទាំងនោះ ភាគច្រើនជារថយន្ដកែទ្រុងខុសមាឌដ្ឋានបច្ចេកទេស ដែលច្បាប់អនុញ្ញាត ហើយនៅតែមិនទាន់មានវិធានការទប់ស្កាត់ ឬចុះទៅឃាត់
រថយន្ដទាំងនោះ ធ្វើការផាកពិន័យពីមន្រ្តីជំនាញមន្ទីរសាធារណម្ដងណានៅឡើយទេ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា មូលហេតុដែលពួកគាត់បារម្ភពីបញ្ហាខាងលើនេះ ព្រោះឆ្នាំនេះរថយន្ដយីឌុបខ្នាតយក្យដឹកទំនិញផ្ទុកលើសទម្ងន់ ឆ្លងកាត់ផ្លូវជាតិ១ខ្សែ
នេះច្រើនប្លែកខុសពីឆ្នាំមុនៗ ហើយពួកគាត់សំណូមពរដល់មន្ទីរសាធារណការខេត្តក្រចេះ ឲ្យមានវិធានការទប់ស្កាត់ករណីឲ្យបានឆាប់រហ័សផង បើនៅបណ្ដែត
បណ្ដោយផ្លូវ និងស្ពានទាំងនោះ ពិតជាត្រូវខូចខាតហើយ ត្រូវចំណាយថវិកាជាតិច្រើនទៀតផង។
ពាក់ពន្ធ័ និងបញ្ហាខាងលើនេះ លោក ស្រេង ស្រស ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបញ្ជាក់ភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះនៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦នេះថា ស្ពានបាឡេមានចំនួន៦កន្លែង នៅផ្លូវជាតិ១ខ្សែនេះ ច្បាប់កំណត់ឲ្យរថយន្ដឆ្លងកាត់បាន តែដឹក១៥តោនប៉ុណ្ណោះ ហើយលោកទទួលស្គាល់ថា នៅឆ្នាំនេះមានរថយន្ដធ្វើចារាចរ នៅលើផ្លូវជាតិលេខ៧៣ មានការកើនឡើងមែន ព្រោះមានស្ថានីយ៍ថ្លឹងរថយន្ដ នៅផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិមានជ័យ ស្រុកស្នួល ហើយរថយន្ដទាំងនោះមានកាគេចវេសពីជញ្ជីង។
ជាមួយគ្នានេះ លោកបានចាត់មន្ត្រីរបស់លោក ចាំរាប់រថយន្ដខុសបច្ចេកទេសរយះពេលបីថ្ងៃ មានចំនួន២៣២រថយន្ដ សរុបទាំងរថយន្ដផ្ទុក ទំនិញ និងមិនផ្ទុក។ លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋដែលមានរថយន្ដកែទ្រុងខុសបច្ចេកទេស ឲ្យយករថយន្ដរបស់ខ្លួនទៅកាត់ទ្រុងចេញឲ្យត្រូវតាម លក្ខណៈបច្ចេកទេសដែលច្បាប់អនុញ្ញាត ហើយលោកបានសំណើទៅក្រសួងសាធារណការ និងសាលាខេត្តរួចហើយ អំពីបញ្ហានេះ លោករង់ចាំតែសេចក្តីរបស់ក្រសួងធ្លាក់មក លោកនិងចុះអនុវត្តន៍តាមច្បាប់ហើយ សូមបងប្អូនប្រជាពលរដ្ឋដែលមានកង្វល់និងបញ្ហានេះ ឈប់កង្វល់ទៅ៕