(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញឱ្យសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ មកដាក់ពាក្យ ចូលធ្វើការងារតាមតម្រូវការរបស់អ្នកវិនិយោគទុនក្នុងខេត្តស្វាយរៀង ឲ្យបានទាន់ពេលវេលា ខណៈរោងចក្រសហគ្រាសក្នុងខេត្ត មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះក្រុមហ៊ុនរោងចក្រ ត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត។
ការថ្លែងលើកឡើងបែបនេះរបស់លោក ម៉ែន អេង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ ខេត្តស្វាយរៀងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ ពិធីសំណេះសំណាលនេះមានការចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តផងដែរ។
លោក ម៉ែន អេង ក្នុងនាមគណៈអភិបាលខេត្ត បានចូលរួមអបអរសាទរដល់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដែលជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើនរបស់ខេត្ត នូវសមិទ្ធិផលនានាដែល កើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ ពិសេសការរីកចម្រើនផ្នែកកឧស្សាហកម្មរោងចក្រក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្នុងខេត្តដែលកន្លងមករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានទាក់ទាញក្រុមវិនិយោគទុន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលបច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១កន្លែង និងមានរោងចក្រជាច្រើនរយរោងចក្រដែលមានកម្មករជាងមួយសែននាក់កំពុងធ្វើការងារ និងទទួលប្រាក់ខែពីក្រុមហ៊ុន ហើយរោងចក្រមួយចំនួនកំពុងខ្វះកម្លាំងកម្មករ។ ពាក់ព័ន្ធនឹងការខ្វះកម្លាំងកម្មកររោងចក្រនេះ។
បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានអំពាវនាវត្រូវចូលរួមធ្វើការវាយបកឲ្យបានទាន់ពេលវេលានូវព័ត៌មានណាដែលផ្សាយមិនពិត ឬព័ត៌មានក្លែងក្លាយមកលើរាជរដ្ឋាភិបាល និងបង្កអសន្តិសុខសង្គម៕