(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានព្រមានខ្លាំងៗ ទៅកាន់អ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ដើម្បីរកស៊ីគេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ ចំពោះអាជីវកម្មខ្សាច់ និងថ្ម។
តាមរយៈវីដេអូខ្លីដែលលោករដ្ឋមន្ត្រី បានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok គ្រាដែលលោករដ្ឋមន្ដ្រី បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងខេត្ដពោធិ៍សាត់ នាពេលថ្មីៗនេះ ខណៈដែលលោក កែវ រតនៈ បានណែនាំទៅអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងរ៉ែ ចំពោះការបន្លំសួយសារ អាជីវកម្មខ្សាច់ និងថ្ម គឺមិនឲ្យមានដាច់ខាត រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្ស។
លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដាក់គោលដៅហើយ យើងគ្មានត្រូវការយកអ្វី ដែលជាអ្វីដែលមិនត្រូវយកនោះទេ ប៉ុន្ដែអ្វីត្រូវយកឲ្យជាតិមួយសេន ក៏មិនត្រូវបាត់ដែរ រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្សផងដែរ»។
លោក កែវ រតនៈ បានបន្ដថា «មន្ដ្រីមួយចំនួនបង្កើតអាជីវកម្មខ្សាច់ ខ្ញុំបានណែនាំទៅអគ្គនាយកដ្ឋានហើយ គឺបន្លំសួយសារ អត់ឲ្យមានដាច់ខាត បើរកស៊ីបង់ពន្ធ បង់សួយសារ ដូចគេដែរ ហើយលើកទឹកចិត្ដ ឲ្យអាជីវករដែលរកស៊ី ផ្នែកខ្សាច់ ផ្នែកថ្ម ផ្នែកអីដូចគ្នា ផ្ដល់មកក្រសួងរ៉ែ និងថាមពល តាមរយៈ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ០៩៥ ៧២៧ ៧២៧»។
លោកថា «បើសិនជាមានអ្នកណាមួយ ដែលយកក្របខ័ណ្ឌគណបក្សប្រជាជន ទៅប្រើប្រាស់ យកក្របខ័ណ្ឌតួនាទីរាជរដ្ឋាភិបាលទៅប្រើប្រាស់ ហើយមិនធ្វើអាជីវកម្មស្របច្បាប់នឹងគេ បង់នឹងគេ ឲ្យស្មើភាពគ្នា អាចប្ដឹងមកក្រសួងជាសម្ងាត់ យើងរក្សាការសម្ងាត់នឹងឲ្យ យើងចាត់ការអ្នកដែលមិនធ្វើតាមច្បាប់»៕