(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលបន្ទប់រងចាំអគាររដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិន ដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញគម្រោងបោះទុនវិនិយោគ រោងចក្រកែច្នៃ និងដាំដុះដំណាំដំឡូងមីនាំចេញ ក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងជំនួបនោះ លោក Zhao ShuJie នាយកប្រតិបត្តិក្រុមហ៊ុន Danong Agriculture Development បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុន Tianguan Global Cassava Processing Trading មានឱកាសបានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលខេត្ត គឺដើម្បីជម្រាបជូនអំពីគោលបំណងចង់វិនិយោគ ប្រមូលទិញដំឡូងមី ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ព្រមទាំងសាងសង់រោងចក្រមួយ ធ្វើការកែច្នៃដំឡូងមី ជាឥន្ទនៈអេតាណុល ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។

លោកបន្តថា ម្យ៉ាងវិញទៀត ក្រុមហ៊ុន Tianguan Global Cassava Processing Trading ដែលមានភាគហ៊ុន ជាមួយក្រុមហ៊ុនដែលមានស្រាប់ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ក៏មានបំណងចង់ពង្រីកមូលដ្ឋានដាំដុះ ដំឡូងមីរបស់ខ្លួនបន្ថែមទៀតផងដែរ។ សម្រាប់ដើមទុននៃការវិនិយោគ ក្នុងទឹកដីខេត្តពោធិ៍សាត់ គឺមានចំនួនទឹកប្រាក់រហូតទៅដល់ ២០០លានដុល្លារឯណោះ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្ត ចំពោះបំណងប្រមូលទិញដំឡូងមី ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្កើតរោងចក្រកែច្នៃដំឡូងមី ក្នុងខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោក និយាយជារួមនឹងនិយាយដោយឡែក លោកក៏ចង់ឃើញការដាំដុះ ការកែច្នៃ និងការនាំចេញនេះ មានសន្ទុះពីខេត្តពោធិ៍សាត់ផងដែរ។

ជាមួយគ្នានោះ លោកសង្ឃឹមថា ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងខេត្ត ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងកំណើនសេដ្ឋកិច្ចខេត្ត។ ទន្ទឹមនឹងនេះ លោកនឹងផ្តល់ឱកាសសមរម្យជាថ្មីម្តងទៀត ដើម្បីជួបពិភាក្សាការងារនេះ ក្នុងការពន្លឿនកិច្ចដំណើរការគម្រោង ឱ្យប្រព្រឹត្តទៅដោយរលូន៕