Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តកំពង់ធំ អញ្ជើញកាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ក្នុងមណ្ឌលខេត្តកំពង់ធំ នៅត្តឥន្រ្ទីយ៍សំវរៈ

18-03-2025 15:26

(កំពង់ធំ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ, ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និមន្តអញ្ជើញបើកវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ស្ថិតនៅមណ្ឌលខេត្តកំពង់ធំ វត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក អ៊ុង វុទ្ធី បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

លោកបន្តថា សាមណេរសិស្សត្រូវតែតាំងស្មារតីឱ្យរឹងមាំ ហើយព្យាយាមសរសេរឱ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួល ឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាព សូមរាយការណ៍មកលោកគ្រូ-អ្នកគ្រូ ដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្សចំនួន១៨៥អង្គ ចែកជាបន្ទប់មានចំនួន៨បន្ទប់ ដោយសមណសិស្សនិមន្ត មកពីបណ្តាក្រុងស្រុង ក្នុងខេត្តកំពង់ធំ និងក្រៅខេត្តមួយចំនួនផងដែរ៕