(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។
បទបញ្ជារបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរកឃើញរោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។
លោករដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់កម្ពុជា ក្រុមហ៊ុនមិនអាចដំណើរការផលិតកម្មទៀតនោះឡើយ។
សូមបញ្ជាក់ថា តបតាមបទបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បានចេញសារាចរមួយស្តី ពី វិធាន ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។
ក្នុងសារាចរនោះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះនៅឡើយ ជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ ដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។
យោងលើបញ្ហាប្រឈមខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរ ពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ ឧប ករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជា ធរ មាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ ក្នុងករណី កើត មានឧបទ្ទវហេតុការបំពុលទឹក។
២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌល កម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដា សុវត្ថិភាព បរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
៣៖ ជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំ កសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុល ដល់ ប្រភព ទឹកសាធារណៈ។
៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយ បណ្តាប្រទេស ជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយ ការបំពុល ទឹក សាធារណៈ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាម រយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់ គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹក សា ធារ ណៈ ចល័ត។
៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាព សាធារ ណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។
៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារ គុណ ភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬ ភាព យន្តអប់រំខ្លី៕