(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក្រោយកិច្ចប្រជុំត្រៀមរៀបចំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវចូលរួមសហការឲ្យបានល្អប្រសើររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវចូលរួមឲ្យសកម្មលើវិស័យទេសចរណ៍ កិច្ចការពារបរិស្ថាន និងរបៀបរៀបរយសង្គមឲ្យសាកសមជាប្រជាជនកម្ពុជា។

ការអំពាវនាវនេះធ្វើឡើងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោយលោក វ៉ី សំណាង បានអញ្ជើញកិច្ចជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព ការងារត្រៀមរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ប្រធាន-អនុគណៈកម្មការ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិការសឹករងខេត្ត ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ បានគូសរំលេចអំពី គោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេរួមមាន៖

*ទី១៖ ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ

*ទី២៖ ចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា

*ទី៣៖ បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕