(ភ្នំពេញ)៖ កីឡាករប្រដាប់ដ៏ល្បីល្បាញរបស់កម្ពុជា ដែលធ្លាប់គ្រងជាតិ និងអន្តរជាច្រើន លោក វ៉ន វីវ៉ា និង កីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន ទើបទទួលបានកូនស្រីម្នាក់ ដែលសម្រាលរួចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ហើយកំពុងសម្រាកនៅ មន្ទីរពេទ្យកាល់ម៉ែត្រ។
ដោយក្តីរីករាយជាមួយនឹងការទទួលបានកូនស្រីដំបូងនេះ កីឡាករ វ៉ន វីវ៉ា បាននិយាយថា លោកនិងភរិយា បានដាក់ឈ្មោះ កូនស្រីនេះ ថា «វីវ៉ាវីន ហ្វីណា»។
ទារិកា «វីវ៉ាវីន ហ្វីណា» ត្រូវបានឪពុកម្តាយ ដែលជាកីឡាករជម្រើសជាតិកម្ពុជា បានសម្រេចចិត្តឲ្យកូនស្រី ប៉ៅទឹកដោះគោជំនួយ ដោយទឹកដោះម្តាយ ហើយដោយសារតែទទួលបានការណែនាំ ពីបងស្រីម្នាក់ រស់នៅប្រទេសអូស្រ្តាលីនោះ លោក វីវ៉ា សម្រេចឲ្យកូនស្រីរបស់ខ្លួន បៅទឹកដោះកូន ម៉ាក Royal Ausnz ដែលជាផលិតផល របស់ប្រទេសអូស្ត្រាលី។
រំលឹកដល់ជីវិតជាកីឡាប្រដាល់វិញ វីវ៉ា ជាកីឡាករប្រដាល់គីឡូធ្ងន់ ដែលគ្រងខ្សែក្រវ៉ាត់អន្តរជាតិម្តង គឺខ្សែក្រវ៉ាត់ ISKA នៅឆ្នាំ២០១៨ បន្ទាប់ពីវាយឈ្នះកីឡាករអាមេរិក នៅស្ថានីយទូរទស្សន៍ CTN។ ក្រៅពីនេះ វ៉ន វីវ៉ា ក៏ធ្លាប់គ្រងជើងឯកថ្នាក់ជាតិ៥ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០០៥ ដល់ ២០១០។
កីឡាករ វ៉ន វីវ៉ា បានបញ្ជាក់ថា លោកសម្រេចឈប់សម្រាក ពីវិស័យកីឡាប្រដាល់ រយៈពេល១ឆ្នាំ បន្ទាប់ពីលោករងរបួសដៃខាងឆ្វេងធ្ងន់ធ្ងរ ពេលប្រកួតជាមួយកីឡាករប្រទេស ស៊ុយ អ៊ែត។ នៅពេលអ្នកកាសែត សួរថា តើ វីវ៉ា ពេលណានឹងចូលប្រឡូកវិស័យកីឡាវិញ? វីវ៉ា ហាក់ដូចជាមិនច្បាស់លាស់ អំពីគម្រោងការចូលអាជីពប្រដាល់វិញ នៅឡើយនោះទេ ដោយគ្រាន់តែនិយាយថា «ចង់សម្រាកសិន»។
លោក វីវ៉ា បាននិយាយថា ចំពោះបញ្ហាជីវភាពវិញ លោកនិងគ្រួសារមិនមានបញ្ហាលំបាកនោះទេ បើទោះបីជាលោកសម្រាក ពីកីឡាប្រដាល់ក្តី ដោយលោកបានអះអាង មានមុខរបរផ្សេង ប៉ុន្តែសុំបដិសេធក្នុងការបញ្ជាក់លម្អិត។
សូមជម្រាបថា ប្តីប្រពន្ធដែលជាអត្តពលិក វ៉ន វីវ៉ា និង ស៊ន ដាវីន បានសាងស្នេហ៍ និងបានរៀបការជាមួយគ្នា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ពោលរយៈពេលជិត២ឆ្នាំ ហើយទើបទទួលបានកូនស្រីដំបូងនៅពេលនេះ៕