(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឧបនាយករដ្ឋមន្ត្រី សុខ អាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះបានអនុញ្ញាតឱ្យលោក Sergey Mikhaylov អគ្គនាយក នៃទីភ្នាក់ងារព័ត៌មាន TASS នៃសហពភាពសហព័ន្ធរុស្សី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
នៅក្នុងជំនួបពិភាក្សា លោក ស្វាយ ស៊ីថា បានជម្រាបជូន អគ្គនាយកទីភ្នាក់ងារព័ត៌មាន TASS អំពីកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា រុស្ស៊ី និងការខិតខំប្រឹងប្រែងលើវិស័យព័ត៌មាន ក្នុងការរួមចំណែកដ៏សំខាន់ ដើម្បីការពារសុខសន្តិសន្តិភាព និងស្ថិរភាពនយោបាយក្នុងន័យថា ទាំងរុស្ស៊ី និងទាំងកម្ពុជាសុទ្ធតែស្រឡាញ់ និងចង់បាននូវសន្តិភាព សន្តិសុខនិងស្ថិរភាពនយោបាយដើម្បីការអភិវឌ្ឍន៍។
លោក ស្វាយ ស៊ីថា បានថ្លែងឲ្យដឹងថា បេសកកម្ម និងតួនាទីរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស គឺដើម្បីពន្យល់ដល់សាធារណៈជាអំពីស្ថានភាពពិតជាក់ស្តែង នៅកម្ពុជាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេស និងដើម្បីកុំឱ្យមានការបំភ្លើសបំភ្លៃនិងបំភ័ន្តព័ត៌មានដែលប្រាសចាកពីការពិត។
លោកបន្ថែមថា បច្ចុប្បន្ននេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បាននិងកំពុងខិតខំពង្រីកបណ្តាញទំនាក់ទំនងនានាជាច្រើន ដើម្បីប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានកាន់តែទូលំទូលាយនូវសមិទ្ធផល របស់រាជរដ្ឋាភិបាលដែលសម្រេចបាន ក៏ដូចជាការបកស្រាយ ពន្យល់សាធារណមតិទៅនឹង ព័ត៌មានមួលបង្កាច់របស់ក្រុមប្រឆាំង ដែលជានិច្ចជាកាលតែងតែចិញ្ចឹមមហិច្ឆតាក្នុងការបង្កឲ្យមាននូវភាពចលាចលក្នុងសង្គម។
ទាក់ទងនឹងបញ្ហានេះ លោក ស្វាយ ស៊ីថា ក៍បានចាត់ទុកថា «សត្រូវធំបំផុតរបស់បដិវត្តពណ៌ គឺការបង្ហាញនិងការបកស្រាយជូនសាធារណមតិឲ្យដឹងនិង ឃើញនូវការពិត»។
ការថ្លែងបែបនេះ ដោយសាររុស្ស៊ី ធ្លាប់មាននូវបទពិសោធន៍ជាច្រើន ក្នុងការទប់ស្កាត់ប្រកបដោយជោគជ័យនូវបដិវត្តពណ៌ ហើយក្នុងនោះសារព័ត៌មានក៏បានដើរតួនាទីសំខាន់ផងដែរ ដើម្បីរួមចំណែករក្សាស្ថិរភាពសង្គម។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការងារព័ត៌មានរវាងទីភ្នាក់ងារព័ត៌មាន TASS ជាមួយ អង្គភាពព័ត៌មាន និងអង្គភាពពត៍មាននិងប្រតិកម្មរហ័ស លោក ស្វាយ ស៊ីថា ក៏បានលើកឡើងអំពីគោលបំណងស្នើសុំបញ្ជូន មន្ត្រីមួយចំនួនដើម្បីបានទៅសិក្សាផ្លាស់ប្តូរបទពិសោធ ជាពិសេសការបណ្តុះបណ្តាលការងារជំនាញនិពន្ធ និងផលិតព័ត៌មានរយៈពេលខ្លីនៅប្រទេសរុស្ស៊ី។
សំណើរនេះ ត្រូវបានទទួលការស្វាគមន៍ភ្លាមៗពីលោក Sergey Mikhaylov អគ្គនាយកនៃទីភ្នាក់ងារព័ត៌មាន TASS នៃសហពភាពសហព័ន្ធរុស្សី។
លោក Sergey Mikhaylov អគ្គនាយកនៃទីភ្នាក់ងារព័ត៌មាន TASS ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា TASS គឺជាទីភ្នាក់ងារព័ត៌មានដែលមានអាយុប្រមាណ១១២ឆ្នាំហើយបច្ចុប្បន្នមានបុគ្គលិកធ្វើការចំនួនជាង១៥០០នាក់។
TASS មានដៃគូរសហការគ្នាក្នុងកិច្ចការព័ត៌មាន លើពិភពលោកជាង៦០ក្នុងនោះក៏មាន AKP ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មានកម្ពុជាផងដែរ។ លោកបន្តថា TASS បានធ្វើការផ្សព្វផ្សាយព័ត៌មានជាច្រើន តាមរយៈការផ្តល់ឲ្យពី AKP ជាអត្ថបទព័ត៌មានភាសាអង់គ្លេស ហើយថា TASS និង AKP នឹងសហការគ្នាផលិតព័ត៌មានជាច្រើនទៀត។ ទីភ្នាក់ងារព័ត៌មាន TASS នៃសហពភាពសហព័ន្ធរុស្សី ក៏បានលើកឡើងអពីសំណូមពរឱ្យមានការតាំង ពិពណ៌រូបថតថ្នាក់ដឹកនាំ កំពូលរបស់កម្ពុជា និងរុស្ស៊ី ដើម្បីរំលេចនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរដើម្បីឱ្យសារព័ត៌មាន និងមហាជនបានកាន់តែយល់ជ្រួតជ្រាបបន្ថែមទៀត អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ។
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងអំណរគុណដល់សហព័ន្ធរុស្សី ដែលបានយល់ព្រម ជួយបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា នៅលើវិស័យព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមថ្មីក្នុងនោះមានទាំងការសរសេរ និពន្ធ និងព័ត៌មានសង្គម ដែលបានដើរតួនាទីយ៉ាងសំខាន់ ចូលរួមចំណែកសម្រាប់សុខុមាលភាព និងការរីកចម្រើនរបស់កម្ពុជា ក្នុងខណៈដែលប្រទេសកម្ពុជា បាននិងកំពុងបន្តអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយឈរលើមូលដ្ធាននៃការពង្រឹងនិតិរដ្ឋ។
លោក ស្វាយ ស៊ីថា ក៍បានរំលឹកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះជំនួយឧបត្ថម្ភដ៏មានសារៈសំខាន់ចាំបាច់បំផុត ដែលបានជួយដល់កម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាគ្រឹះសំរាប់ការរីកចម្រើនរបស់កម្ពុជារហូតមកដល់សព្វថ្ងៃនេះ ។ លោក ស្វាយ ស៊ីថា ក៏បានសំដែងនូវជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្សី និងព្រះរាជាណាចក្រកម្ពុជានឹងបន្តកាន់តែរីកចំរើនរឹងមាំល្អប្រសើរថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោក ស្វាយ ស៊ីថា ក៏បានលើកឡើងថា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក គឺបានបង្ហាញថែមទៀត ពីការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីនៅក្នុងបរិបទថ្មីលើវិស័យជាច្រើន។ ជាចុងបញ្ចប់នៃជំនួបពិភាក្សា អគ្គនាយកនៃទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានសម្តែងនូវសេចក្តីរីករាយ ក្នុងការសហការជាមួយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សលើវិស័យព័ត៌មាន៕