(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញ នៃនាយកដ្ឋានគ្រប់គ្រងទឹក បានសហការជាមួយក្រុមអ្នកជំនាញ នៃបណ្តាសាកលវិទ្យាល័យចំនួន៥ក្នុងប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវឡើងវិញ អំពីជីវៈចម្រុះ និងគុណភាពទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដងស្ទឹងសៀមរាប និងបឹងទន្លេសាប។ គម្រោងនេះមានឈ្មោះថា «គម្រោងវាយតម្លៃឡើងវិញ នូវយន្តការធ្វើឲ្យមានស្ថិរភាពនៃជីវៈចម្រុះ (EMSB)» នឹងត្រូវចំណាយពេល៣ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។
គោលបំណង នៃការសិក្សាពេលនេះ គឺដើម្បីផ្ទៀតផ្ទាត់ឡើងវិញ នូវប្រភេទជីវៈចម្រុះ ដូចជារក្ខជាតិទឹក ត្រី ចំណីត្រី ជាដើម ដែលមាននៅក្នុងតំបន់អង្គរ ស្ទឹងសៀមរាប និងបឹងទន្លេសាប បន្ទាប់ពីគម្រោងសិក្សាលើបញ្ហានេះ ត្រូវបានធ្វើឡើងម្តងរួចមកហើយ កាលពី១០ឆ្នាំមុន។ តាមរយៈការសិក្សាផ្ទៀងផ្ទាត់ឡើងវិញនេះ នឹងធ្វើឲ្យអ្នកជំនាញកំណត់បានថា រយៈពេល១០ឆ្នាំកន្លងមកនេះ តើមានជីវៈចម្រុះដែលធ្លាប់មាន វត្តមានក្នុងទីតាំងខាងលើណាខ្លះបានថយចុះ បាត់បង់ ឬមានការកើនឡើង។
លោកសាស្ត្រាចារ្យ Ohtaka ដែលជាអ្នកស្រាវជ្រាវផ្នែកសត្វត្រី និងចំណីត្រី បានលើកឡើងថា ការសិក្សាអំពីជីវៈចម្រុះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លំនឹងធម្មជាតិ។ លោកថា «ការសិក្សានេះ នឹងជួយឲ្យយើងដឹងថា ត្រូវមានវិធានការបែបណាចំពោះជីវៈចម្រុះ ដែលកំពុងប្រឈមនឹងការផុតពូជ និងអាចឲ្យយើងដឹងថា រយៈពេល១០ឆ្នាំកន្លងមកនេះ មានអ្វីប្រែប្រួលខ្លះក្នុងបឹងទន្លេសាប និងបណ្តាញទឹកសំខាន់ៗ ក្នុងតំបន់អង្គរទាំងមូល»។
លោកសាស្ត្រាចារ្យ Oyagi បញ្ជាក់ថា ករណីសិក្សាអំពីទឹកស្ទឹងសៀមរាបថា ដោយប្រើប្រាស់ឧបករណ៍វាស់ស្ទង់គុណភាពទឹក នៅលើទីតាំងចំនូន៤គឺ ទំនប់តាសោម នៅក្បែរស្ពាននាគ នៅស្ពានក្រវ៉ាត់ក្រុង និងនៅចុងស្រុក ឃើញថា ផ្នែកខាងលើទីក្រុង ទឹកមានលក្ខណៈប្រក្រតី តែចំណុចស្ទឹងដែលហូរកាត់ទីក្រុងទាំងមូលមានសារធាតុពុលកើនឡើង។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ បញ្ជាក់សរុបថា ទឹកស្ទឹងនៅពេលនេះ នៅមានសុវត្ថិភាពនៅឡើយ ដោយសារមានទឹកភ្លៀងច្រើន និងទឹកហូរមកពីផ្នែកខាងជួយ រុញសម្អាតជាតិពុលទៅផុត។
ជាមួយគ្នានេះ លោក ឡៃ ប៉ូទី មន្ត្រីជំនាញ នៃនាយកដ្ឋានទឹក និងជាអ្នកសម្របសម្រួលការងារនេះ បញ្ជាក់ថា ក្រុមជំនាញដែលកំពុងសិក្សាស្រាវជ្រាវនៅពេលនេះ មានច្រើនផ្នែកផ្សេងគ្នាគឺ ផ្នែករុក្ខជាតិទឹក ផ្នែកបឹង សត្វវិទ្យា ជលសាស្ត្រវិទ្យាជាដើម។ លោកបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវ នឹងត្រូវបោះពុម្ពផ្សាយ និងរាយការណ៍ ក្នុងកិច្ចប្រជុំធំៗដូចជា កិច្ចប្រជុំនៃគណៈកម្មាធិការឲ្យស៊ីស៊ីអង្គរជាដើម ដើម្បីរិះរកវិធីសាស្ត្រយ៉ាងណារក្សាតុល្យភាព ប្រព័ន្ធអេកូឡូជីក្នុងតំបន់អង្គរ ឲ្យបានល្អប្រសើរ៕