(បន្ទាយមានជ័យ)៖ សពបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានគេឃើញមនុស្ស២នាក់ ម្នាក់ជាខ្មែរ និងម្នាក់ទៀតជាជនជាតិថៃ ដឹកតាមម៉ូតូចង់ទៅទម្លាក់នៅមុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារ នៅវេលាម៉ោងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
មន្ត្រីច្រកទ្វារបានឲ្យដឹងថា សពជនរងគ្រោះជាជនជាតិជប៉ុន ឈ្មោះWATANABE TASUMI អាយុ៦៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ និងសង្កាត់ប៉ោយប៉ែត ។ សមត្ថកិច្ចបន្តថា មុនកើតហេតុឃើញបុរស២នាក់ ពលរដ្ឋខ្មែរបើកបរម៉ូតូ និងជាជនជាតិថៃអង្គុយឱបសាកសពពីក្រោយ ដោយបម្រុងទម្លាក់សពនោះចោល មុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារ តែត្រូវកម្លាំងសមត្ថកិច្ចឃើញទាន់ ។
បើតាមអ្នកបើកម៉ូតូនោះប្រាប់ថា ជនរងគ្រោះមានជំងឺធ្ងន់ ដោយសារជនរងគ្រោះគ្មានសាច់ញាតិ ពួកគាត់អាណិតក៏ជួយដឹកជនរងគ្រោះទៅមណ្ឌលសុខភាព តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ ក៏នាំគ្នាដឹកទៅមាត់ច្រកទ្វារអន្តរជាតិបម្រុងយកទៅប្រគល់ងអោយសមត្ថកិច្ចប្រចាំការនៅទីនោះ មិនមែនបម្រុងយកសពទៅទម្លាក់ចោលនោះទេ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះជនជាតិជប៉ុន មិនពាក់ព័ន្ធអំពើឃាតកម្មឡើយ ស្លាប់ដោយតែជម្ងឺលើសឈាម ហើយ ម្ចាស់ផ្ទះសំណាក់ បានដឹកបញ្ជូនជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ តែអកុសល្យស្លាប់តាមផ្លូវ រីឯបុរស២នាក់ ជនជាតិខ្មែរ និងជនជាតិថៃមិនពាក់ព័ន្ធបញ្ហាខាងលើនេះឡើយ។ លោកបន្តថា សាកសពជនជាតិជប៉ុនយកទៅតម្កល់ទុកនៅវត្តឃោស្ថារាម ហៅស្រះត្រាច រង់ចាំស្ថាបទូតរបស់គេមកទទួលយកទៅធ្វើបុណ្យនៅឯប្រទេសគេវិញ៕