(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំចំពោះយុវជនកាកបាទក្រហមកម្ពុជា ដែលទើបទទួលបានការបំពាក់កន្សែងថ្មីចំនួន ១២៥០នាក់ ដែលមកពីវិទ្យាល័យទាំង២៥ ទូទាំងខេត្តកំពង់ស្ពឺ និងក្លាយជាចំណែកថ្មីមួយទៀតក្នុងការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។
ការថ្លែងប្រកបដោយក្តីរំពឹងនេះ បានធ្វើឡើងក្នុងពេលអញ្ជើញបំពាក់កន្សែងទទួលស្គាល់សមាសភាពថ្មី យុវជនកាកបាទក្រហមកម្ពុជា ទ្រង់ទ្រាយធំ ១២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឡើងនៅអាគាររដ្ឋបាលខេត្តថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួចពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងអ្នកចូលរួមជាច្រ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជាខេត្ត គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃបណ្តាញអ្នកស្ម័គ្រចិត្ត កាក បាទក្រហម និងអឌ្ឍចន្ទក្រហម និងត្រូវ បានចាត់ទុកជាឆ្អឹងខ្នងរបស់ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំង ស កម្ម ជួរ មុខ ក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែយកចិត្តទុក្ខដាក់រាល់សកម្មភាពរបស់សាខា រាជធានី/ខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ។
លើសពីនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបន្ដកសាង ពង្រីកបណ្ដាញយុវជន និងជំរុញឱ្យចេះស្រឡាញ់ និងចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពមនុស្សធម៌នានាជាច្រើន ស្របតាមស្ថានភាពកាលៈទេសៈបច្ចុប្បន្ន ហើយនេះក៏ជាឱកាសដ៏ពិសេសសម្រាប់ក្មួយៗ ដែលបានស្ម័គ្រចិត្ត មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា ព្រោះថាការចូលរួមនេះក្មួយៗ អាចទទួលបាននូវចំណេះដឹងថ្មីៗពីមន្ដ្រីជំនាញទីស្នាក់ការកណ្ដាល ដែលចំណេះដឹងទាំងនេះមិនងាយមានឱកាសទទួលបានឡើយ។
ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញនិងក្រើនរំឭកដល់យុវជនដែលទើបទទួលស្គាល់ថ្មីទាំងអស់ត្រូវប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះលោកក៏បានណែនាំឲ្យបន្តខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤របស់កាកបាទក្រហមកម្ពុជា និងត្រូវពង្រឹងចំណងសាមគ្គីភាពរវាង យុវជនកាកបាទក្រហមកម្ពុជា តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីបន្តបេសកកម្មបេះដូងមនុស្សធម៌។
ពីលើវេទិកាលោកក៏សូមអរគុណដល់ក្រុមគ្រួសាររបស់យុវជនទាំងអស់ ដែលតែងតែអនុញ្ញាតឱ្យប្អូន បានចូលរួមជាយុវជនកាកបាទក្រហម ធ្វើជាគំរូដល់យុវជនផ្សេងៗទៀតតាមវិទ្យាល័យ និងជួយដល់សង្គមជាតិទាំងមូល។
យោងតាមទិសដៅការងារចំពោះមុខ កាកបាទក្រហមកម្ពុជាពិតជាមានកិច្ចការត្រូវធ្វើជាច្រើន ដើម្បីបណ្តុះបណ្តាល ហ្វឹកហាត់ប្អូនៗ ឱ្យបានក្លាយទៅជាអ្នកដឹកនាំវ័យក្មេងក្នុងបុព្វហេតុមនុស្សធម៌ ហើយនេះពិតជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងឳកាសនោះលោកបានប្រកាសគាំទ្រ ដល់ទិសដៅការងារទាំងនេះ ហើយក៏សូមអំពាវនាវចំពោះ គណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការសាខា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកសាលា សូមបន្តការជួយជំរុញនិងលើកទឹកចិត្តដល់ការអភិវឌ្ឍយុវជននៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ក៌ដូចជាតាមគ្រឹះស្ថានសិក្សា ទីប្រឹក្សា ដើម្បីការអភិវឌ្ឍមានចីរភាព និងអាចកសាងបានភាពធន់សម្រាប់សហគមន៍ និងសង្គមជាតិយើង។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏សូមផ្តល់អនុសាសន៍ចំពោះប្អូនៗថា៖
១៖ សូមបន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ។ ប្អូនៗ ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ។
២៖ ត្រូវបន្តរួមគ្នាក្នុងការបណ្ដុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទៈក្នុងការការពារបុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌មានក្លែងក្លាយបំពុលសង្គម ពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលអាចធ្វើឱ្យមានចលាចលសង្គម ប្រទេសជាតិបែកបាក់ និងប៉ះពាល់អនាគតយុវជនយើង។
៣៖ សូមបន្ដពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងវិទ្យាល័យ កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤៖ បន្តអនុវត្តនូវគោលនយោបាយយុវជន និងសេចក្តីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព៕