(ភ្នំពេញ)៖ ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ ក្រុង/ខណ្ឌនានា នៅទូទាំងប្រទេសកម្ពុជា នឹងចាប់ផ្តើមឱ្យប្រជាពលរដ្ឋនៅក្រុង/ខណ្ឌទាំងនោះ ចូលរួមវាយតម្លៃចាប់ពីខែវិច្ឆិកាក្រោយនេះតទៅ ដើម្បីផ្តល់ចំណាត់ថ្នាក់ជូនមូលដ្ឋាន ។
កម្មវិធីនេះត្រូវបានប្រកាសដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ។ លោករដ្ឋមន្រ្តីព្រមទាំងបានចែកនូវស្ទីកគ័រ (Sticker QR Code) សម្រាប់វាយតម្លៃបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត តាមរយៈទូរស័ព្ទស្មាតហ្វូន QR Code ទៅដល់ប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត ក្នុងពិធីប្រកាសចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី១ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី២ ឆ្នាំ២០១៨-២០២១ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។
ការដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈ សម្រាប់ក្រុង/ខណ្ឌបេក្ខភាពទីក្រុងស្អាតផ្អែកលើសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តម្រូវឱ្យគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់មានកាតព្វកិច្ច និងត្រូវចូលរួមឱ្យសកម្មក្នុងចលនាប្រណាំង «បដិសណ្ឋារកិច្ចល្អ» ។
យោងតាមបទបង្ហាញរបស់ លោក ណេប សាមុត ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកទេសចរណ៍ ស្តីពីនីតិវិធីនៃការផ្តល់យោបល់ (Vote) និងវាយតម្លៃលើសេវាសាធារណៈរបស់ក្រុង/ខណ្ឌបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតនៅតាមមូលដ្ឋានក្រុង/ខណ្ឌ។ លោក បានលើកឡើងថា ដើម្បីចូលរួមក្នុងការវាយតម្លៃនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ គ្រាន់តែស្គេន Scan QR Code នោះអាច Link ចូលនិងវាយតម្លៃបដិសណ្ឋារកិច្ចរបស់ក្រុង/ខណ្ឌបេក្ខភាព និងអាចផ្តល់យោបល់ពីកម្រិតពេញចិត្ត ក្នុងការទទួលសេវាសាធារណៈ ប្រកបដោយភាពកក់ក្ដៅស្របតាមអភិក្រម៖ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព» ជាដើម៕