(ភ្នំពេញ)៖ ផលិតផលមានចំណីអាហារ សម្លៀកបំពាក់ គ្រឿងចម្លាក់ធ្វើពីឈើ ធ្វើពីប្រាក់ គ្រឿងសង្ហារឹមផលិតផលផ្សេងៗសរុបជាង ២០០ស្តង់ ដែលសុទ្ធសឹងជាផលិតផលរបស់ខ្មែរ បាននិងកំពុងដាក់តាំងបង្ហាញរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីផ្សព្វផ្សាយបង្ហាញផលិតផលជាស្នាដៃរបស់ខ្មែរ និងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ឲ្យជួយគាំទ្រនូវផលិត ផលរបស់ខ្មែរផងដែរ។
ពិព័រណ៍ផលិតផលរបស់ខ្មែរនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ហើយការតាំងពិព័រណ៍នេះទៀតសោតត្រូវបានអនុញ្ញាតដោយសេរីមិនតម្រូវឲ្យសិប្បករ ក៏ដូចជាម្ចាស់សហគ្រាសបង់ថ្លៃស្តង់នោះឡើយ។ ការតាំងពិព័រណ៍នេះ ធ្វើឡើងក្រោមយុទ្ធនាការគាំទ្រផលិតផលរបស់ខ្មែរផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ និងគាំទ្រផលិត ផលរបស់ខ្មែរឲ្យបានកាន់តែផុសផុល។
ការរៀបចំឲ្យមានការតាំងបង្ហាញផលិតផលខ្មែរនេះទទួលបានការគាំទ្រខ្លាំងពីសិប្បករ ម្ចាស់សហគ្រាស និងអាជីវករបានសម្តែងការគាំទ្រខ្លាំង។ ពួកគេយល់ថា ការតាំងបង្ហាញនេះ ជាការផ្តល់ឱកាសឲ្យពួកគេបានបង្ហាញផលិតផលផលិតដោយកូនខ្មែរទៅកាន់ប្រជាពល រដ្ឋខ្មែរ ហើយក៏ជាបំផុសដល់ប្រជាពលរដ្ឋខ្មែរជួយទិញផលិតផលរបស់ខ្មែរផងដែរ។
កញ្ញា យន់ រ័ត្ថធានី ម្ចាស់សិប្បកម្មគំនិតថ្មីផលិតស្រា និងដំណាប់ផ្សេងៗចេញពីផ្លែចេក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា «និយាយទៅការតាំងពិព័រណ៍នឹងវាជួយជំរុញផលិតផលខ្មែរ ហើយធ្វើឲ្យប្រជាជនខ្មែរយើងងាកមកគាំទ្រផលិតផលខ្មែរយើងវិញ»។
មិនខុសពីកញ្ញា យន់ រ័ត្ថធានី ម្ចាស់សិប្បកម្មម្នាក់ទៀត គឺកញ្ញា យ៉ាន សុបញ្ញា ដែលជាផលិតហូលផាមួងមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ពិព័រណ៍នេះបានផ្តល់ឱកាសឲ្យ កញ្ញាបានផ្សព្វផ្សាយ ផលិតផលទៅដល់ប្រជាពលរដ្ឋខ្មែរ។ «និយាយទៅត្រេកអរណាស់ ដែលគាត់បានជួយជំរុញផលិតផលរបស់ខ្មែរជាពិសេសពួកខ្ញុំ ដែលជាអ្នកធ្វើរបស់ខ្មែរដោយស្នាដៃខ្មែរពិតៗ ពិតជាសប្បាយចិត្តណាស់ ចង់ឲ្យគាត់ធ្វើបន្តទៅមុខទៀត»។
ដោយឡែកអ្នកស្រី ឈិត ស្រីមិច ម្ចាស់សិប្បកម្មភូមិអង្ករ បានថ្លែងដូច្នេះ «ការជំរុញហ្នឹងវាជាកត្តាមួយដ៏ល្អ សម្រាប់ផលិតខ្មែរ ដែលមិនមែនតែអង្ករនោះទេ តែក៏សម្រាប់ផលិតផលទូទៅ នៅក្នុងប្រទេសកម្ពុជាតែម្តង ដើម្បីជំរុញឲ្យមានទីផ្សារ និងជំរុញអ្នកផលិតឲ្យមានទឹកចិត្តផលិតបន្តទៅទៀត ហើយនិងស្វែងរកដៃគូឲ្យបានកាន់តែច្រើនថែមទៀត»។
បើទោះបីជាយ៉ាងតាមរយៈការសាកសួរក្រុមអ្នកផលិត ដែលបានយកផលិតផលដាក់តាំងបង្ហាញបានឲ្យដឹងថា ផលិតផលរបស់ពួកគាត់ ហាក់មិនសូវជាមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅឡើយទេ។ ម្ចាស់អាជីវកម្មខ្លះទៀត បានឲ្យដឹងថា ផលិតផលរបស់ពួកគាត់ផលិតឡើង សម្រាប់តែនាំចេញទៅក្រៅប្រទេសមិនមានលក់នៅក្នុងស្រុកខ្មែរនោះឡើយ ដោយសារតែផលិតផលនោះមិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ។
បើទោះបីជាយ៉ាងណាក្រុមអ្នកផលិតទាំងអស់នេះ បានទទូចឲ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់នូវផលិតផល ដែលផលិតដោយប្រជា ពលរដ្ឋខ្មែរ និងជាស្នាដៃរបស់ខ្មែរ។ ពួកគាត់បានពន្យល់ថា ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ខ្មែរ ជាការជួយលើកទឹកចិត្ត ដល់អ្នកផលិត ហើយក៏ជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ កាត់បន្ថយការធ្វើ ចំណាកស្រុក។
កញ្ញា យន់ រ័ត្ថធានី បានអំពាវនាវដូច្នេះ «នាងខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យងាកមកគាំទ្រផលិតផលខ្មែរទាំងអស់គ្នា ខ្មែរគាំទ្រផលិតផលខ្មែរ ហើយណាមួយផលិតផលខ្មែរធានាគុណភាព អត់ប្រើគីមី»។
អ្នកស្រី ឈិត ស្រីមិច «ខ្ញុំសូមអំពាវនាវឲ្យប្រជាជន និងអ្នកប្រើប្រាស់ សូមជួយគាំទ្រនូវអង្កររបស់ខ្មែរ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករយើង ដែលគាត់ប្រឹងប្រែងបង្កបង្កើនផលប្រកប ដោយបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរទាំង»។
ម្ចាស់សិប្បកម្មហូលផាមួង កញ្ញា យ៉ាន សុបញ្ញា បានអំពាវនាវដូច្នេះ «អំពាវនាវឲ្យប្រជាពលរដ្ឋហ្នឹង ជួយគាំទ្រផលិតផលខ្មែរឲ្យបានច្រើន កុំទិញផលិតផលរបស់គេ។ ប្រើរបស់ខ្មែរយើងទៅ ដើម្បីលើកស្ទួយកិត្តិយសខ្មែរយើង និងជួយលើកកម្ពស់សេដ្ឋកិច្ចខ្មែរយើង»។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតខ្មែរនៅកោះពេជ្រនេះ ក៏នឹងមានការប្រគុំតន្រ្តីដោយមានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗនៅ កម្ពុជា ដូចជាកញ្ញា មាស សុខសោភា ផងដែរ។ ការតាំងពិព័រណ៍ផលិតផលខ្មែរនេះ បានធ្វើឡើងចំនួន៣លើកមកហើយ ដោយលើកទី១នៅក្នុងខេត្តសៀមរាប លើកទី២ ខេត្តកំពង់ចាម និងលើកទី៣ នៅខេត្តព្រះសីហនុ៕