(ភ្នំពេញ)៖ លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានផ្តល់ប្រព័ន្ធសម្គាល់ខ្លួនគំរូថ្មី Smart card ដល់កម្មសិក្សាការី និងសិស្សមន្រ្តីជាន់ខ្ពស់ សរុបចំនួន ៦០០នាក់។

ប័ណ្ណសម្គាល់ខ្លួនគំរូថ្មីនេះ ត្រូវបានបង្កើតឡើងដោយប្រព័ន្ធ Smart card ដែលអាចប្រើជាប័ណ្ណសម្គាល់ខ្លួន និងជាប័ណ្ណឥណទាន អាចទូទាត់ថ្លៃចំណតយានយន្ត និងអាហារដ្ឋានជាដើម ហើយនៅថ្ងៃខាងមុខ អាចប្រើជាប័ណ្ណប្រើប្រាស់សម្រាប់បណ្ណាល័យ និងអាចសម្រាប់ទិញភេសជ្ជៈ ពីទូលក់ភេសជ្ជៈ។

លោក ឌី បញ្ញា កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ប័ណ្ណសម្គាល់ខ្លួន Smart card នេះអាចភ្ជាប់ជាមួយស្មាតហ្វូន តាមរយៈ Amber App (ប្រព័ន្ធទូទាត់សេវាផ្សេងៗក្នុងទីធ្លាសាលា)។​ កម្មសិក្សាការី អាចប្រើប្រាស់បានយ៉ាងឆាប់រហ័យ ដោយមិនត្រូវរង់ចាំយូរ នៅក្នុងការបង់ថ្លៃចំណត ក៏ដូចជារង់ចាំការទូទាត់ នៅក្នុងអាហារដ្ឋានសាលា។ ប័ណ្ណសម្គាល់ខ្លួនកម្មសិក្សាការី ឆ្នាំ២០១៦ និងមន្រ្តីរបស់សាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៦០០នាក់ ដែលក្នុងនោះមានកម្មសិក្សាការី និងសិស្សមន្រ្តីជាន់ខ្ពស់ចំនួន ៥៤៤នាក់។

សូមបញ្ជាក់ថា ការធ្វើប័ណ្ណសម្គាល់ខ្លួន និងដាក់ប្រព័ន្ធ Smart card នេះ ចំណាយអស់ថវិកាប្រមាណ ៦ពាន់ដុល្លារ ដែលមានការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសពីកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ បន្ទប់ចតុមុខ ២នាក់ មានលោក ងន់ ម័រ និងលោក ឌី បញ្ញា៕