(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មកបើកសវនាការជំនុំជម្រះ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សវនាការនេះ ដឹកនាំដោយលោក អ៉ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ។ លោកមេធាវី គី តិច តំណាងដើមបណ្ដឹង និងលោកមេធាវី សំ សុគង់ ការពារក្ដីអ្នកស្រី ថាក់ ឡានី។
អ្នកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូល នៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ៕