(ភ្នំពេញ)៖ ពាក់ព័ន្ធការរិះគន់របស់ប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌឫស្សីកែវ លើក្រុមហ៊ុនអាជីវកម្មដឹកដី ដឹកខ្សាច់មួយចំនួន ដែលបង្កផលប៉ះពាល់ដល់សុខភាព លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់យ៉ាងច្បាប់ថា អាជ្ញាធរនឹងចាត់វិធានការក្ដៅ ក្នុងការចុះត្រួតពិនិត្យ យានយន្ដគ្រប់ប្រភេទ ពិសេសរថយន្ដដឹកដី ដឹកខ្សាច់ និងថ្មតាមដេប៉ូខ្សាច់នីមួយៗ ក្នុងពេលឆាប់ៗខាងមុខ។
ភាពម៉ឺងម៉ាត់នេះ ត្រូវបានបញ្ជាក់ឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពេលដឹកនាំកម្លាំងគណៈបញ្ជាការ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវ៥៩៨ និងផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងស្អាត ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងបរិស្ថានខ្យល់ដង្ហើមបរិសុទ្ធល្អរបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ បានរិះគន់ចំៗ ចំពោះអាជីវកម្មបូមខ្សាច់ មានទាំងរថយន្ដតូចធំដឹកដី ដឹកខ្សាច់ និងដឹកថ្ម ក្នុងខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ជាពិសេសក្នុងខណ្ឌឫស្សីកែវ កំពុងធ្វើអាជីវកម្មទាំងយប់ទាំងថ្ងៃ ដោយបានជះផលប៉ះពាល់ ដល់ការរស់នៅ និងរកស៊ីលក់ដូរផ្សេងៗ ជាពិសេសប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
លោកស្រី វណ្ណី អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បាននិយាយប្រាប់ភ្នាក់ងារ Fresh News ថា «រាល់ថ្ងៃឡានធំៗ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន បើទោះបីជាសាលារាជធានីភ្នំពេញ បានចាត់វិធានការទប់ស្កាត់ យ៉ាងណាក៏ដោយ តែគ្មានខ្លាចញញើតនោះទេ ជាពិសេសឡានដឹកខ្សាច់ ដឹកដី ដែលធ្វើឲ្យ ប៉ះពាល់ដល់ការរស់នៅ និងរកស៊ីយ៉ាងខ្លាំង។ ម្យ៉ាងទៀត ខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតផង ជាពិសេសទៅលើក្មេងៗ កូនចៅរបស់យើង»។
បុរសម្នាក់បានត្អូញត្អែរថា ប្រសិនបើគ្មានការទប់ស្កាត់ ហាមឃាត់ពីថ្នាក់ដឹកនាំទេនោះ ច្បាស់ជាសុខភាពប្រជាពលរដ្ឋ នឹងត្រូវទ្រុឌទ្រោម ខណៈដែលឡានធំៗ ដឹកដី ដឹកខ្សាច់ មិនបានគ្របឱ្យបានត្រឹមត្រូវតាមស្តង់ដារ ព្រមទាំងបានបំផ្លិចបំផ្លាញ ផ្លូវសាធារណៈរបស់រដ្ឋ ជាក់ជាពុំខានឡើយ។
ពាក់ព័ន្ធការលើកឡើងនេះដែរ លោក ប្រាជ្ញ សីហា បានឆ្លើយតបថា គោលការស្តង់ដារតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ក្នុងនោះមាន៦ចំណុចសំខាន់ៗ រួមមាន ទី១.រថយន្ដមិនត្រូវដឹកដី ដឹកខ្សាច់ដែលទទឹក, ទី២.មុនដឹកដី ដឹកខ្សាច់ចេញពីដេប៉ូ ត្រូវគ្របឲ្យជិត, ទី៣.រថយន្ដមិនត្រូវដឹកដី ដឹកខ្សាច់ដាក់លើសជញ្ជាំងរថយន្ដ, ទី៤.ត្រូវសម្អាតកង់រថយន្ដ, ទី៥.រាល់ពេលចាក់ខ្សាច់ ចាក់ដីចេញពីរថយន្ដ ត្រូវគ្រលាស់ជញ្ជាំងរថយន្ដ ដើម្បីឲ្យជ្រុះដី និងទី៦.ត្រូវមានកម្លាំងដាក់វេន ដើម្បីលាងសម្អាតផ្លូវ។
លោកអភិបាលរងខណ្ឌបានបន្តថា លោកគ្រោងដាក់ផែនការឆាប់ៗនេះ ដើម្បីឆែករកអាជ្ញាប័ណ្ណតាមដេប៉ូខ្សាច់នីមួយៗ ដោយត្រួតពិនិត្យលើរថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ពីព្រោះកន្លងមក ក្រសួងរ៉ែ និងថាមពលបានធ្វើការណែនាំ ដល់ម្ចាស់ការដ្ឋានខ្សាច់ រណ្តៅដីដេប៉ូខ្សាច់ និងរថយន្ដដឹកជញ្ជូនខ្សាច់ ដី គ្រួស ថ្ម និងការដឹកលើសចំណុះ ធ្វើឲ្យជ្រុះធ្លាក់ហុយរប៉ាត់រប៉ាយ ដោយរថយន្តមិនបានបំពាក់នូវសម្ភារ គ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស និងអាចបង្កឧបទ្ទវហេតុផ្សេងៗ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម ដោយកន្លងមក ម្ចាស់ការដ្ឋាននានា មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬក្រសួងរ៉ែ និងថាមពល ឡើយ។ បើនៅតែដូច្នេះ អាជីវកម្មបូមខ្សាច់ រថយន្ដ ដឹកដី ដឹកខ្សាច់ និងដឹកថ្មនោះ អាចប្រឈមនិងការបិតអាជីវកម្មចោលតែម្ដង ប្រសិនមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។
លោកបញ្ជាក់ទៀតថា «លក្ខណៈស្តង់ដារទាំង៦ចំណុច ដែលចេញដោយសាលារាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌឫស្សីកែវនេះ ដើម្បីឲ្យម្ចាស់អាជីវកម្ម ម្ចាស់រថយន្ដដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមគោលការណែនាំរបស់អាជ្ញាធរ»៕