(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាធ្ងន់ៗ ទៅលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកអធិការនគរបាល តាមបណ្តាស្រុក-ក្រុងទាំង៩ និងនាយនគរបាលប៉ុស្ដិ៍ទាំងអស់ ត្រូវចេញប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានទទួលខុសត្រូវ របស់ខ្លួនឲ្យមានប្រសិទ្ធភាព។
ការបញ្ជាក់បែបនេះ របស់លោកស្នងការខេត្ត ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពិធីផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បញ្ជាក់ថា ល្បែងស៊ីសងនេះមាន២ប្រភេទ គឺល្បែងស៊ីសងខុសច្បាប់ និងល្បែងស៊ីសងស្របច្បាប់ ហើយល្បែងសងស្របច្បាប់សំដៅលើល្បែង បើកនៅក្នុងកាស៊ីណូ ចំណែកល្បែងក្រៅពីកាស៊ីណូ គឺសុទ្ធតែល្បែងស៊ីខុសច្បាប់។ បើតាមលោកស្នងការ បើសិនបុគ្គលណា នៅពីក្រោយខ្នង ឬកាងឲ្យមានការប្រព្រឹត្តល្មើសល្បែងស៊ីសងខុសច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយការបើកល្បែងស៊ីសង ដោយមិនអត់ឱនឲ្យបាននោះទេ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ បានដាក់វិធានការចំនួន៣ចំណុច ក្នុងវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដោយ ទី១-វិធានការ អប់រំ ទី២-វិធានការគ្រប់គ្រងរដ្ឋបាល និងទី៣-វិធានការតាមផ្លូវច្បាប់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្ត វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា នៅកម្ពុជាល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
សម្តេចក្រឡាហោម បានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លង មកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធ័រណែត២៤ម៉ោង ឆ្នោតកន្ទុយលេខ ខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នលទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងមួយទៀត ដើម្បីជំរុញការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កំពុងបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងបណ្តាស្ថាប័នពាក់ព័ន្ធ នានាទៀត កំពុងបង្កើតសេចក្តីព្រាងច្បាប់ គ្រប់ល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណ និងត្រូវដាក់ជូនទៅរដ្ឋសភា នៅពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា- ថៃ កាស៊ីណូដែលបើកលេងល្បែងស្របច្បាប់ចំនួន១០កន្លែង ក្នុងក្រុង ប៉ោយប៉ែត ប៉ុន្តែល្បែងស៊ីសងខ្លះ នៅក្រុងប៉ោយប៉ែតនោះដែរ ត្រូវគេមើលឃើញថាមានជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានខ្មែរចូលលេង ភ្នាល់ដាក់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ ច្រកក្រោមស្លាកកាស៊ីណូ ដូចជាល្បែងជល់មាន់ ល្បែងអនឡាញ និងល្បែងភ្នាល់បាល់ជាដើម ត្រូវគេមើលឃើញថា បានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងផងដែរ៕