(កំពង់ស្ពឺ)៖ ក្រោយពីស្ថានការណ៍លើទឹកជំនន់ វាយលុកគ្រប់ដណ្តប់ដោយទឹកភ្លៀងយ៉ាងខ្លាំង លើភូមិសាស្រ្តខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពកំពស់ទឹកភ្លៀងកើនឡើង ខុសពីធម្មតាកន្លងមក បានធ្វើឲ្យបណ្តាញផ្លូវថ្នល់ រងការលិចទឹកទាំងផ្លូវជាតិ ផ្លូវក្រុង ផ្លូវក្នុងខេត្តមួយចំនួន ត្រូវរងការខូចខាត និងការគំរាមកំហែង ប៉ះពាល់ដល់ស្រទាប់គ្រឹះ បណ្តាលឲ្យកើតមានជង្ហុកសំបុកមាន មួយផ្នែកប៉ះពាល់ផ្ទៃផ្លូវកៅស៊ូ ជាច្រើនកន្លែង និងបណ្តាញផ្លូវទឹកមួយចំនួនត្រូវបានស្តារឡើងវិញ ដែលតាមការប៉ាន់ស្មានរបស់មន្ទីរជំនាញ គឺត្រូវការថវិការស្តារឡើងវិញប្រមាណជាង៦ពាន់លានរៀលក្នុងការជួសជុល។
ដោយសារតែស្ថានការបែបនេះទើប នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឲ្យមានការជួសជុលបន្ទាន់គ្រប់ផ្លូវ និងលូដែលរងការខូចខាត ហើយថ្ងៃនេះបានធ្វើជួបជុំគ្នា ធ្វើយុទ្ធនាការស្តារឡើងវិញ ហេដ្ឋានរចនាសម្ព័ន្ធ និងកសាងលូ ប្រឡាយមួយចំនួនដោយអនុវត្តន៍មធ្យោបាយសរុប វិធានការណ៍សរុប កម្លាំងសរុប ដើម្បីបង្ការការពារ ស្ថារឡើងវិញ។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មន្ទីរជំនាញ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែង ថែទាំផ្លូវ គូសគំនូស បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងជួសជុលសំបុកមាន់យ៉ាងប្រចាំ យ៉ាងសកម្មផុលផុស និងបង្កើនពេលវេលាសេវាថែទាំផ្លូវថ្នល់ រហូតដល់ពេលយប់ប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងបច្ចេកទេសតាមបទដ្ឋាន និងមានក្រុមការងារថែទាំជាប្រចាំ។
លោកប្រធានមន្ទីរបន្តថា មន្ទីរលើកទឹកចិត្តឲ្យមន្រ្តីជំនាញបន្តការខិតខំប្រឹងប្រែង ស្តារកសាង ថែទាំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងបចេ្ចកទេសជាវប្បធម៌ប្រពៃណី ដោយមនសិកា វិជ្ជាជីវៈយ៉ាងសំខាន់ និងទស្សនៈវិជ្ជា នៃការគ្រប់គ្រងគុណភាពក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងរក្សាប្រសិទ្ធភាពសេដ្ឋកិច្ច និងសូមដាក់ទិសដៅជាយុទ្ធសាស្ត្រ ដើម្បីឲ្យសហគមន៍ផ្លូវថ្នល់ ក្នុងខេត្តកំពង់ស្ពឺប្រកបដោយ សុវត្ថិភាពជាប្រចាំ។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជាការពិតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្រ្ត ជាមធ្យោបាយយ៉ាងសំខាន់ចាំបាច់ ក្នុងការទ្រទ្រង់សុខុមាលភាព សេដ្ឋកិច្ច សង្គមជាតិចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញវិយោគទុនក្នុងខេត្ត និងវិស័យទេសចរណ៍ ហើយត្រូវបន្តលើកទឹកចិត្ត ដល់ក្រុមការងារជំនាញ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយជោគជ័យ និងប្រសិទ្ធខ្ពស់ដើម្បីជជា ប្រយោជន៍សង្គមជាតិ និងប្រជាជន អោយទាន់ពេលវេលា។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា អង្គភាពជុំវិញខេត្ត ត្រូវបន្តសហការគ្នាឲ្យបានខ្លាំងក្លាជាងនេះ ដើម្បីជំរុញឲ្យការស្ថាបនាផ្លូវ លូ នានាក្នុងខេត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់៕