Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យកោះហៅបុគ្គលជោគជ័យ និងពូកែទ្រឹះស្ដី Bun Park មកសួរនាំដើម្បីពន្យល់ពាក្យ «សន្ដិភាព»

16-03-2025 19:43

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅបុគ្គលជោគជ័យ និងពូកែទ្រឹះស្ដី លោក Bun Park មកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដើម្បីពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព»។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក (Bun Park) ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា សន្តិភាព»

ការបញ្ជាឲ្យកោះហៅលោក Bun Park មកធ្វើការសួរនាំបន្ទាប់ពីលោកបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដែលមានខ្លឹមសារថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្ដិភាព»។ ក្រោយការបង្ហោះសាររបស់លោក Bun Park មហាជនជាច្រើននៅលើបណ្ដាញសង្គម បានរិះគន់យ៉ាងចាស់ដៃទៅលើបុគ្គលពូកែទ្រឹះស្ដីម្នាក់នេះ។

លោក Bun Park ត្រូវបានគេស្គាល់ថា ជាអ្នកដែលមានប្រជាប្រិយភាពម្នាក់នៅលើបណ្ដាញសង្គម ដោយតែងតែបង្ហោះនូវទ្រឹះស្ដី និងខ្លឹមសារបែបបុគ្គលដែលជោគជ័យជាច្រើន។ ក្រៅពីស្គាល់ជាបុគ្គលជោគជ័យ ពូកែទ្រឹះស្ដី លោកក៏ត្រូវបានគេស្គាល់មួយបែបទៀត ពាក់ព័ន្ធរឿងអាស្រូវស្នេហាត្រីកោណជាមួយនារី និងបុរសដូចគ្នាផងដែរ៕