(ឡាវេហ្គាស)៖ សំបុត្រសម្រាប់ចូលទស្សនាការប្រកួតប្រដាល់សកលដណ្តើមខ្សែក្រវាត់ WBO រវាងកីឡាករ Manny Pacquiao និង Jessie Vargas នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានដាក់លក់ជាផ្លូវការហើយដោយ មានតម្លៃទាបបំផុត ៥៥ដុល្លារ និងថ្លៃបំផុត ១១,២៦០ដុល្លារ។
តាមរយៈសារព័ត៌មាន Vividseats បានឲ្យដឹងថា សំបុត្រដែលដាក់លក់តាំងពីថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ ចែកចេញជា ៤ប្រភេទ ដោយប្រភេទទី១ មានតម្លៃចាប់ពី ៥៥-១០០ដុល្លារ ខណៈប្រភេទទី២ មានតម្លៃចាប់ពី ១១០-៨៧២ដុល្លារ ប្រភេទទី៣ ចាប់ពី ១០០៩-៣១៩១ដុល្លារ និងប្រភេទទី៤ ចាប់ពី ៤០០០ដល់ ១១២៦០ដុល្លារ។
សូមបញ្ជាក់ផងដែរថា ស្តេចប្រដាល់ជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ ដែលមានរហស្សនាមថា «Pacman» នឹងឡើងប្រកួតដណ្តើមខ្សែក្រវាត់ WBO ពីម្ចាស់ផ្ទះជើងខ្លាំងអាមេរិក Jessie Vargas វ័យ២៧ឆ្នាំ នាយប់ថ្ងៃសៅរ៍ ទី៥ នៅអាមេរិក ស្មើនឹងព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ម៉ោងនៅកម្ពុជានៅឯសង្វៀន UNLV Thomas & Mack Center ស្ថិតក្នុងទីក្រុងល្បែង Las Vegas សហរដ្ឋអាមេរិក។
ការប្រកួតដាក់ខ្សែក្រវាត់ WBO នេះនឹងធ្វើឡើងរយៈពេល ១២ទឹក (៣នាទីក្នុង១ទឹក) ដែលជាការប្រកួតលើកទី៦៧ របស់ Pacquiao ដែលធ្លាប់ឈ្នះ៥៨ដង ចាញ់៦ដង និងស្មើ២ដង ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ៣៨ដង ដែលមាន ចម្ងាយវ៉ៃចេញ ១៧៩សង់ទីម៉ែត្រ ស្របពេលដែលគូប្រជែង Jessie Vargas ធ្លាប់ប្រកួតបាន ២៨ដង មិនដែលស្មើ និងចាញ់ ១ដងគត់ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១០ដង ដោយមានចម្ងាយវ៉ៃចេញ ១៨៣សង់ទីម៉ែត្រ៕