(ភ្នំពេញ)៖ ដោយមានការគាំទ្រពីស្ថានទូតបារាំង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំង(France Alumni Cambodge) នឹងរៀបចំព្រឹត្តិការណ៍ ជួបជុំថ្មីមួយក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងការបង្កើតថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧យប់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
ក្នុងព្រឹត្តិការណ៍ France Alumni STEM គឺជាឱកាសជួបជុំគ្នាមួយរវាងអតីតនិស្សិត និស្សិត និងដៃគូរដ្ឋ/ឯកជននៅក្នុងវិស័យវិទ្យាសាស្រ្តដូចជាព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាល ព័ត៌មានវិទ្យាក្នុងវិស័យធនាគារនិងធានារ៉ាប់រង ទូរគមនាគមន៍ វិស្វកម្មវេជ្ជសាស្រ្ត គីមីឧស្សាហកម្ម ឧសថស្ថាននិងគ្រឿងសម្អាង កសិចំណីអាហារ វិស្វកម្មស៊ីវិល បរិក្ខារសំណង់ វិស្វកម្មជនបទ ទឹកស្អាត ថាមពល អគ្គិសនី មេកានិច -ល-។ ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើក្នុងវិស័យវិទ្យាសាស្រ្តផងដែរ។
ជាមួយគ្នានេះ កម្មវិធីជាច្រើននឹងត្រូវរៀបចំក្នុងព្រឹត្តិការណ៍ខាងលើ ក្នុងនោះពេលព្រឹក ជាការជួបជុំរវាងអតីតនិស្សិត និស្សិត និងក្រុមហ៊ុន រីឯពេលរសៀលនឹងផ្តោតលើការសិក្សា និងស្រាវជ្រាវវិទ្យាសាស្រ្ត ដែលនឹងអនុញ្ញាតឲ្យអ្នកចូលរួមផ្លាស់ប្តូរយោបល់គ្នាជាមួយដៃគូរដ្ឋ និងឯកជន ព្រមទាំងស្វែងយល់ពីការសិក្សាផ្នែកវិទ្យាសាស្រ្តនៅប្រទេសបារាំង អាហារូបករណ៍ និងសាកលវិទ្យាល័យដៃគូនានា។ ចំណែកពេលល្ងាចពីម៉ោង១៧ដល់ម៉ោង១៩ ដោយមានការគាំទ្រពីក្រុមហ៊ុន Thalès France នឹងមានការធ្វើបទបង្ហាញពាក់ព័ន្ធការបង្កើតថ្មី ការចងក្រងបណ្តាញ ការវិនិយោគក្នុងវិស័យវិទ្យាសាស្រ្តកម្ពុជា ឱកាសការងារ និងការចែកបណ្ណសរសើរដល់អតីតនិស្សិតឆ្នើម។
សូមជម្រាបថា បណ្តាញអតីតនិស្សិត France Alumni ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយក្រសួងការបរទេសបារាំង ដោយឡែកនៅកម្ពុជាបណ្តាញនេះ ត្រូវបានប្រកាសជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបច្ចុប្បន្នមានសមាជិកជាង៥០០នាក់។ ក្នុងមួយឆ្នាំៗ និស្សិតបរទេសប្រមាណ ៣សែននាក់ ក្នុងនោះ ៦៥០នាក់ជានិស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសបារំាង ដែលធ្វើឲ្យបារាំងក្លាយជាប្រទេសធំជាងគេទី៣ ក្នុងពិភពលោកក្នុងការទទួលនិស្សិតបរទេសទៅសិក្សា និងស្រាវជ្រាវ ហើយបារាំង ក៏ជាប្រទេសធំជាងគេទី៣ផងដែរ ក្នុងការទទួលនិស្សិតកម្ពុជា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងបើកទូលាយសម្រាប់អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទៅសិក្សាផ្នែកវិទ្យាសាស្រ្តនៅប្រទេសបារាំង ព្រមទាំងនិស្សិតកម្ពុជា ដែលកំពុងសិក្សាលើមុខវិជ្ជានេះ ក៏ដូចជាក្រុមហ៊ុនបារាំង និងក្រុមហ៊ុនប្រើប្រាស់ភាសាបារាំងជាច្រើនដែលកំពុងធ្វើអាជីវកម្មពាក់ព័ន្ធជាមួយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ភាសាអង់គ្លេសហៅកាត់ថា STEM)។ អ្នកមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវចុះឈ្មោះជាមុនតាមរយ:គេហទំព័រ www.cambodge.francealumni.fr៕