(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយនឹងសហការី មានការអញ្ជើញចូលរួមពី លោក ចៅ តុល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនខ្មែរ-ឥស្លាម ដែលជាចាស់ជរា ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រចំនួន ១២៦៥គ្រួសារ មកពីសង្កាត់ទាំង៥ ក្នងខណ្ឌជ្រោយចង្វា និងមកពីសង្កាត់ចំនួន៣ ក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលពិធីនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យជាស៊ីម។
ជាមួយនឹងការពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការរងទី ១ បានមានប្រសាសន៍ផ្ដាំផ្ញើដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រ័ត្នខ្ពស់ចំពោះកុមារការពារកុំឲ្យលង់ទឹក យកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីលុបបំបាត់ជម្រកមូសខ្លាដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាម និងសូមឲ្យបង-ប្អូនប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅរាល់ពេលធ្វើដំណើរតាមផ្លូវ ជាពិសេសបើកបរមិនត្រូវផ្ទុកលើសទម្ងន់ រឺសេពគ្រឿងស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងចាំបាច់ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងដោយប្រការណាមួយ ដោយសារបច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួលជាញឹកញាប់ ។
សម្រាប់អំណោយមនុស្សធម៌ ដែលត្រូវចែកជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ។ ក្រោយពីទទួលបាននូវអំណោយមនុស្សធម៌នេះ បងប្អូនខ្មែរ-ឥស្លាមទាំង ១២៦៥គ្រួសារ មានសេចក្ដីសោមនស្សក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា បានចាត់ឲ្យក្រុមការងារចុះមកផ្ដល់អំណោយជូនដល់ពួកគាត់ដែលមានជីវភាពលំបាកទីទ័លក្រ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕