(សៀមរាប)៖ កិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចប្រជុំពាក់ព័ន្ធ បានដំណើការចាប់ពី ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Apsara Palace Resort & Conference Center នៅទីក្រុងសៀមរាប ដែលកម្ពុជាមានកិត្តិយស ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំផ្ទាល់របស់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
នៅក្នុងព្រឹត្តការណ៍ដ៏មានសារសំខាន់នេះ ក៏មានរៀបចំកិច្ចប្រជុំលើកទី៦ របស់ដៃគូពិភាក្សាអាស៊ាន-អាមេរិកផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដឹកនាំដោយលោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាសហប្រធាន និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងអ្នកស្រី Nina Hachigian, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន (US ambassador to ASEAN) និងមានការចូលរួមពីប្រធានគណៈ កម្មាធិការជាតិផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃបណ្តា ប្រទេសសមាជិកអាស៊ាន និងប្រតិភូនៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមបេក្ខភាព ASEAN-US Fellows។
កិច្ចប្រជុំបានធ្វើការពិនិត្យពិភាក្សា ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១- បច្ចុប្បន្នភាពនៃការអភិវឌ្ឍ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងគោលនយោបាយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់អាស៊ាន ដោយផ្តោតទៅលើផែនការ សកម្មភាពអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025)
២- គោលនយោបាយ របស់អាមេរិក ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសកម្មភាព ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក
៣- ការពិភាក្សាផ្លាស់ប្តូរយោបល់ ទៅលើកម្មវិធីកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អាស៊ាន-អាមេរិក ដែលបានបញ្ចប់ និងកំពុងប្រព្រឹត្តទៅ
ក្នុងនោះបានផ្តោត ទៅលើកម្មវិធីបីជាសំខាន់គឺ៖
ក- កម្មវិធីអាហារូបករណ៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាស៊ាន-អាមេរិក
ខ- កម្មវិធីពានរង្វាន់វិទ្យាសាស្រ្ត អាស៊ាន-អាមេរិក សម្រាប់ស្រ្តី
គ- កម្មវិធីប្រកួតប្រជែង ផ្នែកច្នៃប្រឌិតបង្កើតថ្មីនៃគំនិតផ្តួចផ្តើម របស់អ្នកដឹកនាំវ័យក្មេង នៅអាស៊ីអាគ្នេយ៍ (YSEALI)។
ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញខ្លី ពីគំនិតច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្រវយ័ក្មេង (សកលវិទ្យាលយ័)មកពីប្រទេស កម្ពុជា ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី លើប្រធានបទបីផ្សេងៗ គ្នាដូចជា៖
១.ក្រុមអ្នកវិទ្យាសាស្ត្រ (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ប្រទេសកម្ពុជាបានបង្ហាញ ពីការច្នៃប្រឌិត (CFKs Cam Fermentation Kits) ជាឧបករណ៍សម្រាប់ថែរក្សា ចំណីអាហារជាជ្រក់ (ឧទាហរណ៍ ដាក់ជ្រក់ត្រសក់)។
២.ក្រុមអ្នកវិទ្យាសាស្ត្រ (សកលវិទ្យាល័យ) ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការច្នៃប្រឌិត (MINO Micro bubble Technology)បច្ចេកវិទ្យាក្នុងការបង្កើត ពពុះទឹក ដើម្បីចិញ្ចឹមត្រី (ឧទាហរណ៍ ពពុះទឹកនេះ ធ្វើត្រីទីឡាប់យ៉ាលូតលាស់ធំលឿន)
៣.ក្រុមអ្នកវិទ្យាសាស្ត្រ (សកលវិទ្យាល័យ)ប្រទេសម៉ាឡេស៊ី បានបង្ហាញពីការច្នៃប្រឌិត (iSea Forces) បច្ចេកវិទ្យា តាមដានជំងឺត្រី ការបន្តពូជរបស់ត្រី....ដោយប្រើប្រាស់ Smart Phone ។
បន្ទាប់ពីបទបង្ហាញក៏មាន កម្មវិធី សំណួរ-ចម្លើយ ពីអង្គប្រជុំដើម្បី ធ្វើការវាយតម្លៃ កំណត់ចំណាត់ថ្នាក់ជ័យលាភី ដែលនឹងត្រូវប្រកាស នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់(Award Ceremony) ដែលនឹងប្រព្រឹត្ត ទៅនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ ក្រុមអ្នកវិទ្យាសាស្ត្រ និងកម្មវិធីនេះបានការឧបត្ថម្ភដោយ USAID និងមូលនិធិអាស៊ាន ។
អង្គប្រជុំបានឯកភាព នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌអាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបញ្រ្ជាបការយល់ដឹង និងលើកកម្ពស់សមត្ថភាព ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងស្រទាប់យុវជន និងស្រ្តី ដែលជាឆ្អឹងខ្នង និងជាកម្លាំងដ៏រឹងមាំ សម្រាប់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។
ក្នុងនោះក៏បានឯកភាពថា នឹងលើកជាប្រធានបទថ្មីៗទៀត សម្រាប់ការប្រកួតប្រជែងពានរង្វាន់ នៅឆ្នាំក្រោយៗទៀត ហើយក៏បានកំណត់នឹងរៀបចំ កិច្ចប្រជុំលើកទី៧ របស់ដៃគូពិភាក្សាអាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅក្នុងឆមាសទី២ ឆ្នាំ២០១៧ នៅសហភាពមីយ៉ានម៉ា។
ដៃគូពិភាក្សាអាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានទទួល និងរៀបចំឲ្យកិច្ចប្រជុំបានល្អប្រសើរ និងប្រព្រឹត្តទៅបានដោយជោគជ័យ និងកោតសរសើរចំពោះការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា៕