(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋភាកម្ពុជា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ករណីរបស់គណបក្សសង្រ្គោះជាតិ ចូលរួមប្រជុំសភាគឺមិនទាក់ទងជាមួយ គណបក្សប្រជាជនកម្ពុជាឡើយ។ លោក ឈាង វុន ថា សម្រាប់គណបក្សសង្រ្គោះជាតិ គឺមិនត្រូវដាក់លក្ខណ្ឌជាមួយ គណបក្សប្រជាជនកម្ពុជាឡើយ ពីព្រោះគណបក្សកាន់អំណាច មិនដែលធ្វើខុសច្បាប់ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាននោះទេ ចំពោះលក្ខខណ្ឌរបស់គណបក្សសង្រ្គោះជាតិ។
ការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើនក្នុងរដ្ឋសភា បានធ្វើឡើង ក្រោយពីលោក សុន ឆ័យ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ អះអាង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមប្រជុំសភាបើសភាធ្វើការងារចំនួន៣ ដែលជាសំណើរបស់គណបក្សសង្រ្គោះជាតិ។ សំណើទាំង៣នោះ រួមមានទី១ គឺគណបក្សសង្រ្គោះជាតិ នឹងចូលរួម ប្រជុំសភា បើកិច្ចប្រជុំនោះ ជាកិច្ចប្រជុំស្របច្បាប់ ទី២ គណបក្សសង្រ្គោះជាតិ នឹងចូលរួម បើសភាលើកយកវិសោធនកម្មច្បាប់ទាំង៣ មកពិភាក្សាឡើងវិញ ទី៣គណបក្សសង្រ្គោះជាតិ នឹងចូលរួមប្រជុំសភា បើសភាកោះហៅរដ្ឋមន្រ្តី ដែលគណបក្សប្រឆាំងស្នើសុំឲ្យចូលបំភ្លឺនៅក្នុងសភា។
ជាការឆ្លើយតប លោក ឈាង វុន អ្នកនាំពាក្យរដ្ឋភាកម្ពុជា បានប្រាប់ឲ្យដឹងថា កន្លងមក រដ្ឋសភា មិនដែលបើកកិច្ចប្រជុំដែលខុសច្បាប់ឡើយ គឺគណបក្សប្រជាជនកម្ពុជា ធ្វើតាមនីតិវិធីច្បាប់។ ចំណែកការលើកឡើងពីការធ្វើវិសោធនម្មច្បាប់ចំនួន៣ គឺសភាមិនអាចអនុញ្ញាតតាមការស្នើសុំរបស់គណបក្សសង្រ្គោះជាតិឡើយ ដោយសារតែ វិសោធនម្មច្បាប់ចំនួន៣ គឺមិនបានដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសុំយោបល់ និងបានធ្វើខុសនឹងនីតិវិធីច្បាប់ដ៏ធ្ងន់ធ្ងរ។ ករណីចុងក្រោយ ទាក់ទងនឹងការស្នើឲ្យមានការកោះហៅរដ្ឋមន្រ្តីចូលបំភ្លឺ គឺនេះជាតួនាទីរបស់រដ្ឋសភាស្រេចទៅហើយ។ រដ្ឋសភាក៏មិនបានមើលរំលងនោះដែរ ប៉ុន្តែគណបក្សសង្រ្គោះជាតិ ខ្លួនឯងទៅវិញទេ ដែលមិនបានគោរពតួនាទី ក្នុងនាមជាអ្នកតំណាងរាស្រ្ត។
លោក ឈាង វុន បញ្ជាក់ថា រដ្ឋសភា ធ្លាប់បានកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមតាមសំណើរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្តែតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បែរជាធ្វើពហិការមិនចូលរួមស្តាប់ការបំភ្លឺ។
យ៉ាងណាក៏ដោយ លោក ឈាង វុន បានអះអាងថា គណបក្សសង្រ្គោះជាតិ គួរតែចូលរួមប្រជុំសភា ដោយគ្មានការស្ន និងដាក់លក្ខខណ្ឌ ពីព្រោះថា ការចូលរួមប្រជុំសភា ជាមួយគណបក្សប្រជាជនកម្ពុជា គឺមានគោលដៅ ដើម្បីតែពិភាក្សា ដោះស្រាយ និងផ្លាស់ប្តូរយោបល់គ្នា អភិវឌ្ឍន៍ប្រទេសតែប៉ុណ្ណោះ។ លោក ឈាង វុន បានបញ្ជាក់ជាថ្មីថា គណបក្សប្រជាជនកម្ពុជា មិនដែលធ្វើខុសច្បាប់ឡើយ ហើយកុំឲ្យគណបក្សសង្រ្គោះជាតិ ដាក់លក្ខខណ្ឌ ជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានប្រយោជន៍ឡើយ ទោះគណបក្សប្រឆាំងមិនចូលរួម សភានៅតែដំណើរការជាធម្មតា៕